(ប៉េកាំង)៖ ក្រសួងការបរទេស​ចិននៅ​​ថ្ងៃអង្គារនេះ បានចេញសេចក្តី​ថ្លែងការណ៍​​មួយ ដើម្បីអំពាវនាវ​​ឲ្យមានការ​ពិចារណា​ដកទណ្ឌកម្ម ចេញពីប្រទេស​​កូរ៉េខាងជើង ក្រោយពី​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខា​​រួមគ្នាជា​ប្រវត្តិសាស្ត្រ ទៅលើ​​សេចក្តី​ថ្លែការណ៍រួម ដោយក្នុងនោះ​បាន​បញ្ជាក់​ច្បាស់ៗថា កូរ៉េខាងជើង​ប្តេជ្ញា​រួមសហការ​គ្នា ដើម្បីរំសាយ​​​អាវុធនុយក្លេអ៊ែរ​ចេញពីឧបទ្វីបកូរ៉េ​តែម្តង។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​​​ព័ត៌មានចិន ស៊ីនហួរ នារសៀល​​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍​ខាងលើនេះ ត្រូវបានអានដោយ​អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក ហ្គេង ហ្ស័ង (Geng Shuang) ក្នុងបទ​សង្ខេបព័ត៌មាន​ប្រចាំថ្ងៃ នៅ​រដ្ឋធានីប៉េកាំង។ ជំនួប​​រវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង ត្រូវបានធ្វើឡើង​នៅសណ្ឋាគារ Capella ប្រទេស​សិង្ហបុរី ក្រោយ​ការតាមដាន និងចាប់អារម្មណ៍​យ៉ាងខ្លាំងពី​អន្តរជាតិ ហើយមេដឹកនាំ​ទាំងពីរ​រូប​​សុទ្ធតែបាន​បង្ហាញអំពីចំណាប់​អារម្មណ៍ល្អ​ប្រសើរដូចៗគ្នា ចំពោះព្រឹត្តិការណ៍​ដែលបានកើតមាន​​ឡើងជា​ប្រវត្តិសាស្ត្រ នៅក្នុង​ថ្ងៃអង្គារ ទី១២ ខែមិថុនានេះ។

គួរបញ្ជាក់ថា នៅមុនចេញ​សេចក្តីថ្លែងការណ៍​ខាងលើនេះ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី បានលើក​ឡើងផង​ដែរ​ថា ទីក្រុងប៉េកាំង​ចាត់​ទុកថា ជំនួបកំពូល​រវាង​ទីក្រុងព្យុយ៉ាង និងទីក្រុង​​វ៉ាស៊ីនតោន គឺជាជំនួប​បែប​ប្រវត្តិសាស្ត្រ។ លោក វ៉ាង បានគូស​​បញ្ជាក់យ៉ាង​ដូច្នេះថា «មេដឹកនាំ​នៃ​ប្រទេសទាំង​ពីរ​អាច​អង្គុយចុះ ជាមួយគ្នា​នៅថ្ងៃនេះ​ សម្រាប់កិច្ចប្រជុំ​ដោយស្មើភាព ដែលនេះគឺជា​ការបង្កើរប្រវត្តិសាស្ត្រ​ថ្មីមួយ ហើយចិន​ស្វាគមន៍ និងគំាទ្រ​ ដ្បិតវា​គឺជាវត្ថុបំណងដែល​ចិនកំពុងទន្ទឹមរង់ចាំ និងធ្វើការយ៉ាង​ខ្លាំងដើម្បី​សម្រេច​វត្ថុបំណងនេះ»