(សិង្ហបុរី)៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនានេះ លោក ដូណាល់ ត្រាំ និងលោក គីម ចុងអ៊ុន បានចូលរួមនៅក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំចំនួនពីរលើកនៅព្រឹកថ្ងៃនេះ និងការទទួលទានអាហារប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលរួចមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
បន្ទាប់ពីការចុះហត្ថលេខាលើឯកសាររួមជាប្រវត្តិសាស្រ្ត នៅក្រោយការជួបពិភាក្សាជាលើកដំបូងអស់រយៈពេលជាង ០២ម៉ោង ជាមួយលោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ដំណើរការនៃការរំសាយអាវុធនៅនុយក្លេអ៊ែរនៅកូរ៉េខាងជើង នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខ។
នៅក្រោយការជួបមុខគ្នាមួយទល់មួយ និងការជួបពិភាក្សាទ្វេភាគី ដែលមានការចូលរួមពីសំណាក់ ទីប្រឹក្សាជាន់ខ្ពស់របស់ភាគីទាំងសងខាង ព្រមទាំងការទទួលទានអាហារថ្ងៃត្រង់រួមគ្នា នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី នាថ្ងៃអង្គារនេះ លោក ត្រាំ និង លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើឯកសាររួមមួយស្តីពីអ្វីៗ ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិត នឹងត្រូវបញ្ចេញនាពេលក្រោយ។
យ៉ាងណាមិញ បើតាមរូបភាពនៃឯកសារនេះ វាបានឲ្យតំរុយថា លោក ត្រាំ និងលោក គីម បានព្រមព្រៀងគ្នាប្តេជ្ញា និងសហការដើម្បីឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការចាប់ផ្តើមបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ។ រូបភាពនៃឯកសាររួម ដែលលោក ត្រាំ បានកាន់បង្ហាញឲ្យក្រុមអ្នកសារព័ត៌មានផ្តិតយកបាននោះ រួមមាន០៤ចំណុចសំខាន់ៗគឺ៖
១៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងថ្មី ដោយឈរលើសេចក្តីប៉ងប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលចង់បានសន្តិភាព និងវិបុលភាព។
២៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបង្កើតកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីកសាងសន្តិភាពដែលមានភាពយូរអង្វែង និងមានស្ថិរភាពនៅឧបទ្វីបកូរ៉េ។
៣៖ ដោយគោរពតាមសេចក្តីប្រកាសថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ Panmunjom ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងនឹងរួមសហការគ្នា ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ពីឧបទ្វីបកូរ៉េ។
៤៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្តេជ្ញាក្នុងការរុករកគ្រោងឆ្អឹងកងទ័ពអាមេរិកកាលពីសម័យសង្រ្គាមកូរ៉េ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ នៃគ្រោងឆ្អឹងទាហានអាមេរិក ដែលត្រូវបានកំណត់អត្តសញ្ញាណរួចរាល់។
គួរជម្រាបថា ក្រោយការបិទបញ្ចប់នៃជំនួបកំពូលខាងលើ លោកប្រធានាធិបតីអាមេរិក និង ប្រមុខដឹកនាំកូរ៉េខាងជើង បានចាកចេញពីកោះ Sentosa ហើយ។ លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ត្រូវគេរាយការណ៍ថា នឹងវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃនេះតែម្តង ដោយលោក ត្រាំ ក៏នឹងសន្និសីទមួយតែម្នាក់ឯងមួយផងដែរ មុនចាកចេញនៅវេលាយប់នេះ ហើយលោក គីម អាចនឹងចេញទៅព្យុងយ៉ាងវិញនៅរសៀលនេះតែម្តង៕