(សិង្ហបុរី)៖ កាលពីអំឡុង​ការដើរទស្សនាកម្សាន្ត​ពេលរាត្រីនៅសិង្ហបុរី​ នៅមុនជំនួប​កំពូលជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារនេះ ប្រមុខដឹកនាំកំពូល​កូរ៉េខាងជើង បានយល់ដឹង​ជាច្រើន​អំពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមរបស់​ប្រទេសអាស៊ាន​មួយ​នេះ។​ នេះបើតាម​សេចក្តីរាយការណ៍​របស់​ ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដកស្រង់ខ្លឹមសារដោយសារ​ព័ត៌មានចិន CGTN នៅរសៀល​​ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

នាឱកាសនោះ​លោក គីម បាននិយាយសរសើរ​សិង្ហបុរីថា «មើលទៅស្អាត និងស្រស់បំព្រង» ស្របពេលដែលរូប​លោកឈរទស្សនា​ ទិដ្ឋភាព​នាពេលរាត្រីនៃ​ប្រទេស ក៏ដូចជាទីក្រុងដ៏ឆើតឆាយនេះ​ពីដំបូល​នៃអគារ Marina Bay Sands។ មិនតែប៉ុណ្ណោះ ​បើតាម KCNA ប្រមុខដឹកនាំ​​កូរ៉េ​ខាងជើងរូបនេះ បានបន្ថែមថា រូបលោកនឹង​ទទួលបានចំណេះដឹង​ ក៏ដូចជាបទពិសោធន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុងវិស័យ​ជា​ច្រើន​នា​​ថ្ងៃ​អនាគត​ពីសិង្ហបុរី»។​

កាលពីយប់​ថ្ងៃចន្ទម្សិលមិញ លោក គីម ជុងអ៊ុន បានចាកចេញ​ពីសណ្ឋាគារ រ៉េជីស (St. Regis) ដែលលោក​ស្នាក់នៅ រួចហើយដើរកម្សាន្តមើល​ជុំវិញ​​សួន Sky Park នៅលើដំបូងនៃ​អគារប្រណិត Marina Bay Sands ព្រមទាំងនៅតំបន់​កំពង់ផែ Singapore Port ដោយមាន​ការអមដំណើរ​ពី​សំណាក់ប្អូនស្រី​របស់លោក គឺអ្នកនាង គីម យ៉ូចុង និងមន្រ្តីជាន់ខ្ពស់​មួយ​ចំនួនទៀតរួម​មានលោក គីម យ៉ុងចុល, លោក រី ស៊ូយ៉ុង, និងលោក ណូ ក្វាងចុលជាដើម ដោយមានវត្តមានរបស់រដ្ឋមន្រ្តីការបរទេស​សិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) និង​រដ្ឋមន្រ្តីក្រសួងអប់​រំសិង្ហបុរី លោក អុង យេគុង (Ong Ye Kung) ដឹកនាំ​ដំណើរក្នុងនាមជាម្ចាស់ផ្ទះ និងបាន​ថតរូប Sefie ជាមួយ​លោក គីម ដោយស្នាមញញឹម​ថែមផងដែរ។

គួរជម្រាបថា បើតាមក្រុម​អ្នកវិភាគ ការដើរទស្សនាកម្សាន្ត​របស់លោក គីម នាយប់មិញនេះ បានបង្ហាញពី​កាយវិការពោពេញ​ដោយភាព​ជឿជាក់​របស់​កូរ៉េខាងជើង ចំពោះកិច្ច​ប្រជុំកំពូល​ជាប្រវត្តិសាស្រ្ត ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ៕