ទីក្រុងប៉េកាំងសម្តែងការស្វាគមន៍ និងអបអរចំពោះជំនួបកំពូល ត្រាំ-គីម នៅសិង្ហបុរី! (Photo inside)
12-06-2018 13:43
(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានសម្ដែងការស្វាគមន៍ និងសាទរដល់កិច្ចប្រជុំកំពូលនៅក្នុងប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ដកស្រង់ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក វ៉ាង យី បានលើកឡើងផងដែរថា ទីក្រុងប៉េកាំង ចាត់ទុកថា ជំនួបកំពូលរវាងទីក្រុងព្យុយ៉ាង និងទីក្រុងវ៉ាស៊ីនតោន គឺជាជំនួបបែបប្រវត្តិសាស្ត្រ។ លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំនៃប្រទេសទាំងពីរអាចអង្គុយចុះ ជាមួយគ្នានៅថ្ងៃនេះ សម្រាប់កិច្ចប្រជុំដោយស្មើភាព ដែលនេះគឺជាការបង្កើរប្រវត្តិសាស្ត្រថ្មីមួយ ហើយចិនស្វាគមន៍ និងគំាទ្រ ដ្បិតវាគឺជាវត្ថុបំណងដែលចិនកំពុងទន្ទឹមរង់ចាំ និងធ្វើការយ៉ាងខ្លាំងដើម្បីសម្រេចវត្ថុបំណងនេះ»៕