(សិង្ហបុរី)៖ បន្ទាប់ពីជំនួបទ្វេភាគីលើកទី២ជាង ៩០នាទី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា នៅសណ្ឋាគារ Capella ប្រទេសសិង្ហបុរី ដែលជាសណ្ឋាគារប្រណិតបំផុតមួយ នៅប្រទេសដីកោះអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមុខម្ហូបសម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្តរវាងលោក ត្រាំ និងលោក គីម ដែលរៀបចំឡើងនៅសិង្ហបុរី៖
* ម្ហូបបើកឆាក៖ បង្គារខុកធែល (prawn cocktail) និងសឡាត់អាវ៉ូកាដូ (avocado salad) និងម្ហូបកូរ៉េ Daegu jorim
* ម្ហូប៖ សាច់គោ, ស្រាក្រហម, សាច់ជ្រូក និងបាយយ៉ាងចូវ (Yangzhou)
* បង្អែម៖ មាននំសូកូឡាខ្មៅ, ការ៉េម Haagen-Dazs, និងនំ tropezienne
គួរបញ្ជាក់ថា ក្រោយទទួលទានអាហារថ្ងៃត្រង់ និងដើរលំហែកាយបន្តិច លោក ត្រាំ និងលោក គីម បានចូលរួមក្នុងពិធីចុះហត្ថលេខារួមគ្នា ព្រមទាំងត្រៀមចេញសេចក្តីថ្លែងការណ៍រួមនៅរសៀលថ្ងៃអង្គារនេះផងដែរ៕