មុនត្រាំ-គីមជួបគ្នា អ៊ីរ៉ង់ព្រលយមួយឃ្លា៖ «កិច្ចប្រជុំកំពូល ត្រាំ-គីម ពោពេញដោយទុទិដ្ឋិនិយម ព្រោះអាមេរិកមានប្រវត្តិដើរចេញពីកិច្ចព្រមព្រៀងរាប់ភ្លេច...» (Video inside)
12-06-2018 10:40
(ម៉ូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គួរតែដឹងឱ្យច្បាស់ជាមុនថា សហរដ្ឋអាមេរិកធ្លាប់មានប្រវត្តិដើរចេញពីសន្ធិសញ្ញារាប់ភ្លេច និងតែងតែរំលោភលើការប្ដេជ្ញាចិត្តរបស់ខ្លួន មុននឹងជឿជាក់លើទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអ៊ីរ៉ង់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បានលើកឡើងដូច្នេះថា «រដ្ឋាភិបាលអ៊ីរ៉ង់មើលឃើញថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ពោពេញទៅដោយទុទិដ្ឋិនិយម»។ ការ កត់សម្គាល់បែបនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរី។
បន្ថែមពីលើនេះ ក្រសួងការបរទេសអ៊ីរ៉ង់ ថែមទាំងក្រើនរំលឹកលោកគីមជាមុនថា សហរដ្ឋអាមេរិកត្រូវ បានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកបំផ្លាញ និងរំលោភលើកិច្ចព្រមព្រៀង ជាពិសេសគឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ ជាឧទាហរណ៍ស្រាប់។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំអាមេរិក-កូរ៉េខាងជើង គេរំពឹងថា លោក ត្រាំ និងលោក គីម នឹងផ្ដោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការទទួលបានសម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានាសន្តិសុខពីសហរដ្ឋអាមេរិក រួមទាំងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀតដែលទាក់ទិននឹងទំនាក់ទំនងទ្វេភាគី៕