(សិង្ហបុរី)៖ នៅក្នុងឱកាសនៃជំនួបដំបូងមួយទល់នឹងមួយ ជាមួយមេដឹកនាំកូរ៉េខាងជើង ដែលទើបត្រូវបានបញ្ចប់ទៅក្រោយរយៈពេលជាង ៤០នាទី លោក ដូណាល់ ត្រាំ បានលើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមរយៈការធ្វើការងារជាមួយគ្នា លោកជឿជាក់ថា ប្រទេសទាំងពីរនឹងអាចដោះស្រាយបញ្ហាដ៏ធំនៅឧបទ្វីបកូរ៉េបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
សម្រាប់កិច្ចពិភាក្សាបន្ទាប់ទៀត លោក ដូណាល់ ត្រាំ នឹងលោក គីម ជុនអ៊ុន កំពុងស្ថិតក្នុងកិច្ចពិភាក្សាទ្វេភាគី ដែលជាផ្នែកនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នាព្រឹកថ្ងៃអង្គារនេះ ហើយវានឹងប្រព្រឹត្តទៅរហូតដល់ម៉ោង ១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) មុននឹងឈានដល់ការទទួលទានអាហារថ្ងៃត្រង់ជុំគ្នា។ ម៉្យាងវិញទៀត ដោយពុំដូចជំនួបទីមួយឡើយ ជំនួបទ្វេភាគី ក៏មានការចូលរួមពីទីប្រឹក្សា និងមន្រ្តីជាន់ខ្ពស់នៃភាគីទាំងសងខាងផងដែរ។
សម្រាប់កិច្ចពិភាក្សាលើកទី ១ នៅចំពោះមុខលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងមានកិច្ចពិភាក្សាដ៏អស្ចារ្យ ហើយខ្ញុំគិតថានឹងមានភាពជោគជ័យដ៏ធំសម្បើម។ មួយវិញទៀត វាជាគឺជាកិត្តិយសរបស់ខ្ញុំ ហើយយើងនឹងមានទំនងទំនងដ៏អស្ចារ្យ ដោយខ្ញុំគ្មានការសង្ស័យឡើយ»។
ទន្ទឹមគ្នាលោក គីម ក៏បានទទួលស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួលឡើយក្នុងការបោះជំហានទៅកិច្ចប្រជុំនេះ។ «វាមានឧបសគ្គ និងការអនុវត្តន៍មិនត្រឹមត្រូវជាច្រើនបានបិទភ្នែក និងត្រចៀករបស់យើងកន្លងមក ប៉ុន្តែយើងបានជម្នះគ្រប់យ៉ាងដើម្បីដើរមកដល់ថ្ងៃនេះ»។ នេះបើតាមសម្តីចេញពីមាត់លោក គីម ជុងអ៊ុន តបទៅលោក ត្រាំ វិញភ្លាមៗ។
ដោយឡែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានលើកឡើងនាឱកាសនោះដែរថា «ការដកអាវុធនុយក្លេអ៊ែរ ដែលនឹងត្រូវធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ និងមិនអាចប្រែក្រឡាសបានចេញពីឧបទ្វីបកូរ៉េនោះ គឺជាលទ្ធផលតែមួយគត់ ដែលសហរដ្ឋអាមេរិកនឹងទទួលយក»។
ជាមួយគ្នានេះ ក៏មានការបង្ហើបឲ្យដឹងផងដែរ នៅមុនពេលអង្គុយចុះជាមួយគ្នា ក្នុងជំនួបមួយទល់នឹងមួយ លោក គីម ជុងអ៊ុន ជាមួយស្នាមញញឹមដ៏ស្រស់ស្រាយ ទំនងជាបានពោលពាក្យទៅកាន់លោក ត្រាំ តាមរយៈអ្នកបកប្រែថា «ខ្ញុំយល់ថា ពិភពលោកទាំងមូលកំពុងតែទស្សនា ព្រឹត្តិការណ៍ដ៏សំខាន់នាពេលនេះ ហើយមនុស្សជាច្រើននៅលើពិភពលោកនឹងគិតថា នេះគឺប្រៀបដូចជាឈុតឆាកបែបស្រមើស្រមៃមួយ នៅក្នុងខ្សែភាពយន្តវិទ្យាសាស្រ្តបែបប្រឌិតអ៊ីចឹង»។
ប្រាកដណាស់នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងនឹកស្មានមិនដល់មួយនៅក្នុងប្រវត្តិសាស្រ្តសកលលោក ដោយសារតែតាំងពីដើមមក ពុំមានការបើកកិច្ចប្រជុំកំពូលរវាងប្រមុខដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាចដូចគ្នានោះឡើយ ហើយជំនួបនាថ្ងៃអង្គារនេះ ស្ទើរតែត្រូវបានលុបចោលវិញទៅទៀត ទម្រាំតែលេចចេញជារូបរាងឡើងនៅពេលនេះ។
គួរជម្រាបថា នៅក្នុងកិច្ចប្រជុំនេះថ្ងៃអង្គារនេះ ក៏មានការរំពឹងដែរថា លោក ត្រាំ និងលោក គីម នឹងផ្ដោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើងជាថ្នូរនឹងការទទួលបាន សម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានាសន្តិសុខពីសហរដ្ឋអាមេរិក រួមទាំងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀតដែលទាក់ទិននឹងទំនាក់ទំនងទ្វេភាគី៕