(សិង្ហបុរី)៖ ទីបំផុត ជំនួបកំពូលរវាងប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន ចាប់ផ្ដើមជាផ្លូវការហើយនៅម៉ោង០៩៖០០នាទីព្រឹកនេះ (ម៉ោងនៅសិង្ហបុរី) ជាមួយការចាប់ដៃគ្នាទៅវិញទៅមករវាងមេដឹកនាំនៃ ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
កិច្ចកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើង បានចាប់ផ្ដើមប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី ដោយផ្ដោតសំខាន់លើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការទទួលបាន សម្បទានសេដ្ឋកិច្ច ក៏ដូចជាការធានាសន្តិសុខពីសហរដ្ឋអាមេរិក រួមទាំងសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួន ទៀត ដែលទាក់ទិននឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួរជម្រាបថា លោក ត្រាំ និងលោក គីម បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំជាប្រវត្តិ សាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងត្រូវធ្វើឡើងក្រោមការតាមដានយ៉ាងយកចិត្តទុកពីពិភពលោកទំាងមូល៕