(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនវោហាស័ព្ទរិះគន់កាន់តែខ្លាំងលើនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ដោយប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) បាននិយាយថា នឹងមានកន្លែងពិសេសមួយនៅក្នុងឋាននរក សម្រាប់អ្នកដែលហ៊ានក្បត់លួចចាក់ លោក ត្រាំ ពីក្រោយខ្នង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក Navarro ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ នៅពេលដែលលោកត្រូវបានសាកសួថា តើលោក ត្រាំ បានរិះគន់ជាលក្ខណៈបុគ្គលលើលោក ទ្រូដូ ដែរឬទេ។ ថ្លែងនាឱកាសនោះ លោក Navarro បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានកន្លែងពិសេសមួយ នៅក្នុងឋាននរកសម្រាប់មេដឹកនាំបរទេសទាំងឡាយណា ដែលបានចូលរួមក្នុងនយោបាយការទូត មានបំណងមិនល្អលើលោកប្រធានាធិបតី ត្រាំ ក៏ដូចជាលួចក្បត់ចាក់រូបលោកពីក្រោយខ្នង»។
គួររំលឹកថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ នៅអំឡុងពេលជិះយន្តហោះឆ្ពោះទៅកាន់សិង្ហបុរី បានបង្ហើបឲ្យដឹងថា លោកបានបង្គាប់ឲ្យក្រុមមន្រ្តីតំណាងសេតវិមាន មិនផ្តល់ការគាំទ្រដល់សេចក្តីថ្លែងការណ៍រួមចុងក្រោយ នៃកិច្ចប្រជុំ G7 ឡើយ ដោយសារតែការធ្វើអត្ថាធិប្បាយប្រាសចាកពីការពិតរបស់លោក Justin Trudeau ដែលបានចាត់ទុកការដំឡើងពន្ធលើផលិតផល ដែក-អាលុយមីញ៉ូមរបស់អាមេរិកថា ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ហើយលោកនាយករដ្ឋមន្រ្តីកាណាដា ថែមទាំងបានប្រកាសនឹងចាត់វិធានការសងសឹកទៀតផង។
ភាពតានតឹងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដាបានផ្ទុះឡើងក្រោយសហរដ្ឋអាមេរិក ប្រកាសពីការចូលជាធរមាននៃ គំរោងតម្លើងពន្ធលើការនាំចូលដែកថែប ២៥ភាគរយ និងអាលុយមីញ៉ូម ១០ភាគរយពីបរទេស ខណៈកាណាដាក៏ស្ថិតនៅក្នុងចំណោម ប្រទេសធំៗដែលនាំចេញផលិតផលទាំងពីរនេះ ទៅកាន់សហរដ្ឋអាមេរិកផងដែរ៕