(សិង្ហបុរី)៖ នៅក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង នោះមេដឹកនាំពិភពលោករូបនេះ បានទទួលយកការអញ្ជើញ ពីសំណាក់ប្រធានាធិបតីសិង្ហបុរីលោកស្រី ហាលីម៉ាហ៍ យ៉ាខូប (Halimah Yacob) មកបំពេញទស្សនកិច្ច នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅខែវិច្ឆិកាខាងមុខ នាឱកាសនៃកិច្ចប្រជុំអាស៊ាន-អាមេរិកលើកទី០៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៣។ នេះបើតាមក្រសួងការបរទេសសិង្ហបុរី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងការបរទេសសិង្ហបុរី នៅអំឡុងពលជាមួយលោក លី សៀនឡុង នៅថ្ងៃចន្ទនេះ លោក ត្រាំ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមចំណែកនៅក្នុងតំបន់ និងគាំទ្រដល់សិង្ហបុរីក្នុងនាមជាប្រធានអាស៊ាន។ បន្ថែមពីលើនេះ សេចក្ដីថ្លែងការណ៍ដដែលក៏បានឱ្យដឹងដែរថា មេដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាគ្នាលើការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ជាពិសេសគឺទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ។
គួរបញ្ជាក់ថា លោក ត្រាំ បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែកនេះ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីសហគមន៍អន្តរជាតិ ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៕