Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លិខិតមិត្តអ្នកអាន៖ ស្រាបីប្រភេទសម្រាប់ ដូណាល់ ត្រាំ និង គឹម ជុនអ៊ុន

11-06-2018 16:45

(ភ្នំពេញ)៖ ជំនួបជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីវ័យក្មេងរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅលើទឹកដីប្រទេសសឹង្ហបុរី កំពុងធ្វើឲ្យមនុស្សទូទាំងសកលលោករង់ចាំលទ្ធផលនៃជំនួបនេះ។ សម្រាប់ជំនួបមេដឹកនាំប្រជាធិបតេយ្យលើលោក និងមេដឹកនាំកុម្មុនិស្ត ត្រូវបានគេមើលឃើញថា មានតែស្រាបីប្រភេទប៉ុណ្ណោះ ដែលមេដឹកនាំទាំងពីត្រូវក្រេបរួមគ្នា។ ស្រាទាំង៣ប្រភេទនោះរួមមាន៖

១៖ ស្រាសន្តិភាព៖ ប្រភេទស្រាមួយនេះសម្រាប់ ដូណាល់ ត្រាំ ពិតជាងាយស្រួលលេប ប៉ុន្តែសម្រាប់ គីម វិញរៀងពិបាកលេបបន្តិច ព្រោះថា គ្រឿងក្លែម អាវុធនុយក្លេអ៊ែ ត្រូវបានហាមឃាត់ឈប់ឲ្យចម្អិនទៀតហើយ។ ចង់រឺមិនចង់ គីម ហាក់បីដូចលេបមិនសូវស្រួលដែរ ព្រោះថាគ្រឿងក្លែមដែលខ្លួនចូលចិត្ត ត្រូវបាន ដូណាល់ ត្រាំ ហាមឃាត់ឲ្យឈប់ចម្អិន និង បរិភោគ។

២៖ ស្រាសង្គ្រាម៖ ស្រាមួយនេះមិនដឹងជាអ្នកណា ជាអ្នកលើកផឹកមុននោះទេ។ ព្រោះថា វាមិនមែនជាស្រាប៉ូវដូចស្រាទីមួយ។ ផឹកទៅអាចក្រិនថ្លើម ឈឺក្រពះ ពោះវៀន និង ប៉ះពាល់ខួរក្បាល...។ល។ ដូច្នេះ ត្រាំ និង គីម ប្រយ័ត្នប្រយែងណាស់ គ្មាននរណាម្នាក់ក្នុងចំណោមពួកគាត់ចង់ផឹកនោះទេ។

៣៖ ស្រាពិន័យ៖ ប្រាកដណាស់ថា ត្រាំ ប្រើសម្តីមិនសូវបានការប៉ុន្មាន ហើយ គីម ឯណោះវិញ នៅក្មេងចរិកឆេវឆាវបន្តិច ក្រែងលោតែស្រវឹង ចូលចិត្តទាញកាំផ្លើងបាញ់បោះ។ ម្ល៉ោះហើយរឿងពិន័យប្រាំកែវ ប្រហែលជា ត្រាំ មិនធ្វើទៀតទេ អាចថយនៅត្រឹមបី ទៅបួនកែវ ដើម្បីឈានទៅដល់ការផឹកស្រាប្រភេទទីមួយទាំងអស់គ្នា ដែលជាស្រាប៉ូវកម្លាំង និងសុខភាព។

តែលទ្ធផលយ៉ាងណាៗនោះ គ្មាននរណាស្មានត្រូវនោះឡើយ សូម្បីតែជំនួបរវាងមេដឹកនាំទាំងពីរនេះ ក៏គ្មាននរណាស្មានដល់នោះដែរ សូម្បីអ្នកវិភាគល្បីៗលើពិភពលោក។ ដូច្នេះរង់ចាំថ្ងៃស្អែក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សិនទើបដឹងច្បាស់ថា តើស្រាមួយណាផឹកឆ្ងាញ់សម្រាប់មេដឹកនាំទាំងពីរ? ហើយក៏សង្ឃឹមថា ដបស្រាលេខពីរ នឹងមិនត្រូវបានគាស់នោះឡើយ៕

ដោយ៖ ញ៉ែម វិបុល