(ញូយ៉ក)៖ ខណៈដែលការអបអរសាទរទិវាឪពុក ត្រូវបានធ្វើឡើងក្នុងប្រទេសចំនួនប្រហែល៩០ នៅខែមិថុនានេះ អង្គការយូនីសេហ្វ បានប្រកាសដាក់ឱ្យដំណើរការនូវគេហទំព័រថ្មីមួយ គឺ https://uni.cf/2sJpRAv ស្ដីពី ការចិញ្ចឹមបីបាច់កូន (parenting) ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឪពុកដ៏អស្ចារ្យ (Super Dads)» ដើម្បីទទួលស្គាល់តួនាទីឪពុក ក្នុងការអភិវឌ្ឍកូនតូចៗ។
លោកបណ្ឌិត Pia Britto ប្រធានផ្នែកអភិវឌ្ឍន៍កុមារ របស់យូនីសេហ្វថ្លែងថា «ឪពុកមានតួនាទីលើសពីអ្នកផ្តល់កំណើតទី២ ឬដៃមួយគូបន្ថែម។ ឪពុក គឺជាធនធានដ៏ល្អបំផុតដែលយើងមានដើម្បីអភិវឌ្ឍន៍កុមារ ហើយប្រសិនបើយើងចង់ផ្ដល់ឱ្យកុមារ នូវការចាប់ផ្ដើមល្អបំផុតក្នុងជីវិត យើងទាំងអស់គ្នាត្រូវទទួលស្គាល់ និងប្រើប្រាស់តួនាទីនេះឱ្យអស់លទ្ធភាព»។
សូមជម្រាបថា គេហទំព័រនេះ នឹងប្រមូលផ្ដុំឪពុកជុំវិញពិភពលោក ដើម្បីចែករំលែកដំបូន្មានអំពីការចិញ្ចឹមបីបាច់កូន ទាំងឧបសគ្គចំបងនានា តម្រូវការ និងភាពជោគជ័យរបស់ឪពុកទាំងនោះ។ គេហទំព័រនេះក៏នឹងមាន «ថ្នាក់ជំនាញខ្នាតតូច អំពីការចិញ្ចឹមបីបាច់កូន» ជាលើកដំបូងដែលលោកបណ្ឌិត Pia Britto ប្រធានផ្នែកអភិវឌ្ឍន៍កុមារសកលរបស់យូនីសេហ្វ ពន្យល់ពីសារៈសំខាន់នៃការការពារ ក្តីស្រឡាញ់ និងអាហារូបត្ថម្ភល្អ សម្រាប់ការអភិវឌ្ឍខួរក្បាលឱ្យមានសុខភាពល្អទៅកាន់ Sesame Street’s Grover។
យុទ្ធនាការ «ឪពុកដ៏អស្ចារ្យ» មានគោលបំណងរំឭកប្រាប់ឪពុកម្ដាយនៅគ្រប់ទីកន្លែងថា នៅពេលឪពុកថែរក្សាកូនតូច អំឡុងឆ្នាំដំបូងបង្អស់នៃជីវិត តាមរយៈការផ្ដល់សេចក្ដីស្រឡាញ់ និងការការពារ ការលេងជាមួយកូន និងការមើលខុសត្រូវលើអាហារូបត្ថម្ភនោះ កូនៗរបស់ពួកគេនឹងរៀនសូត្របានប្រសើរ មិនសូវមានបញ្ហាផ្នែកឥរិយាបថ និងក្លាយជាមនុស្សប្រកបដោយសុខភាពមាំមួន និងសប្បាយរីករាយ។
ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រខួរក្បាលបានបង្ហាញថា នៅពេលកុមាររស់នៅក្នុងបរិយាកាសប្រកបដោយការថែទាំល្អអំឡុងឆ្នាំដំបូងបង្អស់នៃជីវិត ជាពិសេសរយៈពេល១០០០ថ្ងៃដំបូង ខួរក្បាលរបស់ពួកគេអាចអភិវឌ្ឍក្នុងល្បឿនមួយល្អបំផុត។ អាហារូបត្ថម្ភល្អ ការការពារ ការលេងកម្សាន្ត និងសេចក្ដីស្រឡាញ់ក្នុងវ័យកុមារភាពអំឡុងឆ្នាំដំបូងៗនៃជីវិត ជួយបង្កើតតំណភ្ជាប់កោសិកាខួរក្បាលទាំងនេះ នៅក្នុងខួរក្បាលរបស់កុមារ៕