(ទ្រីប៉ូលី)៖ ឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសលីប៊ី លោក អាហ៍មែត អាយឌីន ដូហ្គាន់ (Ahmet Aydin Dogan) បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាលអង់ការ៉ា ចំពោះរដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក Dogan បានធ្វើការលើកឡើងខាងលើ នៅអំឡុងជំនួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីលីប៊ី លោក ហ្វាយែស ស៊ែររ៉ាច (Fayez Serraj) ដោយឯកអគ្គរដ្ឋទូតតួកគី បានធ្វើការសង្កត់ធ្ងន់ពីការគាំទ្ររបស់តួកគី ចំពោះរដ្ឋាភិបាលលីប៊ី និងកោតសរសើរអំពីកិច្ចប្រឹងប្រែងរបស់ លោក Serraj ក្រោមគោលដៅសម្រេចឲ្យបាននូវស្ថិរភាព សម្រាប់ប្រទេសអាហ្រ្វិកខាងជើងមួយនេះ។
គួរជម្រាបថា គណបក្សនយោបាយដែលជាគូបដិបក្ខនឹងគ្នា របស់ប្រទេសលីប៊ី បានជួបគ្នាកាលពីថ្ងៃទី២៩ ខែឧសភា និងបានព្រមព្រៀងគ្នា រៀបចំការបោះឆ្នោតសភា និងជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ហើយវាជាសញ្ញាថ្មីបំផុតមួយ ដើម្បីឆ្ពោះទៅរកសន្តិភាព និងការឯកភាពជាតិលីប៊ីឡើងវិញ ក្រោយរបបអតីតមេដឹកនាំ មួអាម៉ា ហ្គាដាហ្វី ដួលរលំកាលពីឆ្នាំ២០១១៕