(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា កិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងអាមេរិកនៅថ្ងៃស្អែកនេះ នឹងក្លាយជាជោគជ័យមួយជាប្រវត្តិសាស្រ្ត ដែលកំពុងឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពលើឧបទ្វីបកូរ៉េ ជាអចិន្ត្រៃយ៍តែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House លោក មូន បានធ្វើការលើកឡើងខាងលើ នៅអំឡុងកិច្ចប្រជុំប្រចាំសប្តាហ៍មួយជាមួយគណៈរដ្ឋមន្រ្តីរបស់លោកនៅថ្ងៃចន្ទនេះ ពោលគឺមួយថ្ងៃមុនកិច្ចប្រជុំកំពូលលើកទីមួយ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកប្រារព្ធឡើង។ លោក មូន ជែអ៊ីន ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា កិច្ចប្រជុំគីម-ត្រាំ នឹងអាចលុបបំបាត់ចោល នូវរាល់ទំនាក់ទំនងមិនល្អនឹងគ្នានាពេលកន្លងមកនេះ ហើយឈានដល់កិច្ចព្រមព្រៀងដ៏ប្រសើរមួយ សម្រាប់គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរ ពីតំបន់ឧបទ្វីបកូរ៉េ។
គួរជម្រាបថា ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា ដើម្បត្រៀមចូលរួមកិច្ចប្រជុំកំពូល ដែលត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាម៉ោង០៩៖០០នាទីព្រឹកថ្ងៃអង្គារស្អែកនេះ នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី៕