(ហាណូយ)៖ ខេត្ត ហៃដុង (Hai Duong) ភាគខាងជើងវៀតណាម ដែលជាតំបន់ល្បីឈ្មោះសម្រាប់ពូជផ្លែគូលែនពិសេសម៉្យាងនោះ កំពុងគ្រោងនឹងធ្វើការនាំចេញប្រភេទផ្លែឈើនេះក្នុងចំនួន ១,០០០តោន ចេញទៅក្រៅប្រទេសនៅឆ្នាំ២០១៨ នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ដើមផ្លែគូលែនរបស់វៀតណាម ដែលគេហៅថា ធីវ (Theiu) ត្រូវបានដាំដុះដោយផ្អែកទៅលើស្តង់ដា វៀតហ្គេប (VietGAP) ឬ GlobalGAP ដែលត្រឹមត្រូវតាមការកំណត់ទាមទារយ៉ាងតឹងរ៉ឹង នៃទីផ្សារនាំចេញដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី និងសហភាពអឺរ៉ុបជាដើម។ ម៉្យាងវិញទៀត ពូជផ្លែគូលែននេះក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារដ៏ធំរបស់ចិនផងដែរ។
គួរជម្រាបថា បច្ចុប្បន្នខេត្ត Hai Duong មានផ្ទៃដីដាំដុះដើមគូលែនទំហំប្រមាណ ១០,៥០០ហិកតា ដែលភាគច្រើនគឺជាពូជគូលែន Thieu នៅស្រុកថាញ់ហា (Thanh Ha) និងក្រុងលិញ (Linh) ជាមួយទិន្នផលប្រហែល ៦០,០០០តោន នៃផ្លែឈើស្រស់នេះក្នុងមួយឆ្នាំៗ។ កាលពីប៉ុន្មានឆ្នាំមុននេះ ប្រទេសចិនក៏ធ្លាប់បានបិទការនាំចូលផ្លែគូលែន ពីប្រទេសវៀតណាមផងដែរ ដោយសារតែការរកឃើញថា ផល្លានុផលនេះមានផ្ទុកសារធាតុគីមីខ្លាំង៕