(វៀងច័ន្ទ)៖ នាយករដ្ឋមន្ត្រីឡាវ លោក ថុងលួ ស៊ីសួលីត (Thongloun Sisoulith) បានថ្លែងនៅក្នុងសភាជាតិក្នុងរដ្ឋធានីវៀងច័ន្ទថា ប្រទេសឡាវមិនអាចរួចផុតពីចង្កោមប្រទេសមានការអភិវឌ្ឍតិចតួច LDC នៅឆ្នាំ២០២០ តាមការកំណត់គោលដៅបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីឡាវខាងលើនេះ ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំនួរដែលសមាជិកសភាឡាវមួយចំនួនបានចោទសួរ កាលពីចុងសប្តាហ៍មុន អំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះ នៅក្នុងសម័យប្រជុំលើកទី ៥ នៃសភានីតិកាលទី ៨។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០១ គណបក្សបដិវត្តន៍ប្រជាជនឡាវ និងរដ្ឋាភិបាលបានកំណត់គោលដៅធ្វើឲ្យឡាវ ចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច LDC នៅក្នុងឆ្នាំ២០២០ ប៉ុន្តែនៅសល់ពេល ០២ឆ្នាំមុនកាលកំណត់នេះ ប្រទេសឡាវបានដឹងខ្លួនច្បាស់ថា មិនអាចទៅរួចតាមគោលដៅនោះឡើយ។ នេះបើតាមការអង្កេតមើលទៅលើរបាយការណ៍ពាក់ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ UN ចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។
ទោះបីជាមិនអាចសម្រេចតាមគោលដៅក្តី នៅក្នុងកិច្ចប្រជុំសភាខាងលើនេះ លោកនាយករដ្ឋមន្ត្រីឡាវបានអះអាងថា «យើងធ្លាប់បានប្រកាសថា នឹងចាកចេញពីក្រុមប្រទេស LDC ឲ្យបាននៅឆ្នាំ២០២០ តាមការគ្រោងទុក ប៉ុន្តែយើងនឹងមិនអាចធ្វើបាននោះទេ។ ដូច្នេះយើងត្រូវតែព្យាយាមទៅមុខបន្ថែមទៀត...»៕