(អាមេរិក)៖ ព្យុះធូលីដ៏ធំមួយនៅលើភពអង្គារ (Mars) បានបោកបក់មកលើយានរុករក Opportunity របស់ទីភ្នាក់ងារអវកាស NASA ដែលបានបង្កភាពរាំងស្ទះដល់កិច្ចការងារផ្នែកវិទ្យាសាស្រ្តរបស់វា ខណៈយាន Opportunity កំពុងរង់ចាំឲ្យព្យុះនេះស្ងប់ស្ងាត់ទៅវិញ ទើបតែចាប់ផ្តើមបំពេញបេសកកម្មបន្តទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅរសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ព្យុះខាងលើពីដំបូងត្រូវបានប្រទះឃើញពីទីអវកាស ដោយដោយផ្កាយរណបប្រចាំភពអង្គារ MRO របស់អង្គការ NASA។ បើតាម NASA ភ្លាមៗនៅពេលក្រុមការងារទទួលបន្ទុកខាងផ្កាយរណប MRO បានមើលឃើញពីរយៈចម្ងាយយ៉ាងកៀកនៃព្យុះនេះ ទៅកាន់យានរុករក Opportunity ពួកគេក៏បានផ្តល់ដំណឹងទៅកាន់ក្រុមការងារ នៃយានរ៉ូបូតនេះជាបន្ទាន់ ដើម្បីចាប់ផ្តើមរៀបចំផែនការសម្រាប់គ្រាអាសន្ន។
គួរជម្រាបថា មកទល់ពេលនេះ ព្យុះធូលីនេះបានគ្របដណ្តប់លើផ្ទៃដៃប្រហែល ១៨លានគីឡូម៉ែត្រក្រឡានៃភពអង្គការ ដែលវាជាតំបន់មួយធំជាងទ្វីបអាមេរិកទាំងមូលនៅលើផែនដីទៅទៀត។ បើតាមអង្គការ NASA ព្យុះទ្រង់ទ្រាយធំបែបនេះ ពុំមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ប៉ុន្តែតែងកើតមានជាញឹកញាប់ ខណៈពួកវាអាចកកើតឡើងភ្លាមៗ ប៉ុន្តែមានឥទ្ធិពលរហូតដល់រាប់សប្តាហ៍ ឬរាប់ខែក៏មាន។
យាន Opportunity បាននិងកំពុងធ្វើការស្រាវជ្រាវ និងរុករកនៅភពអង្គារចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ប៉ុន្តែវាដំណើរការដោយថាមពលព្រះអាទិត្យ។ ដូច្នេះហើយដោយសារតែព្យុះធូលី អាចបាំងផ្ទៃមេឃនោះ កម្រិតនៃពន្លឺព្រះអាទិត្យដែលយាននេះអាចប្រើប្រាស់បានដើម្បីសាកថាមពលរបស់វា បានធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ទោះជាបែបនេះក្តី Opportunity របស់ NASA គឺជាយានដ៏រឹងមាំមួយ ហើយនាពេលប្រមាណជា ១៥ឆ្នាំកន្លងទៅនេះ វាធ្លាប់បានជួបប្រទះនិងឆ្លងកាត់ព្យុះធូលីរាប់មិនអស់ សូម្បីតែព្យុះធំជាងព្យុះដែលវាកំពុងទទួលរងឥទ្ធិពលនាពេលនេះទៅទៀត៕