លោក ដូណាល់ ត្រាំ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី មុនពេលត្រូវជួបលោក គីម ជុងអ៊ុន...
11-06-2018 12:17
(សិង្ហបុរី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះបានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ហើយ តែមួយថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវចូលរួមក្នុងជំនួបកំពូល ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ដែលបានធ្វើដំណើរចាកចេញពីកិច្ចប្រជុំ G7 ក្នុងប្រទេសកាណាដា មកដល់សិង្ហបុរីកាលពីថ្ងៃអាទិត្យបាននិយាយថា ជំនួបរវាងលោក និងលោកគីម នឹងមិនមែនជាការខ្ជះខ្ជាយឡើយ ហើយថាវាគឺជាឱកាសមួយ។ កិច្ចប្រជុំកំពូលអាមេរិក -កូរ៉េខាងជើង នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃស្អែកនេះ។
គួរបញ្ជាក់ថា ក្នុងជំនួបជាប្រវត្តិសាស្ត្រខាងមុខនេះ អន្តរជាតិក៏រំពឹងដែរថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀតទាក់ទិននឹងទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង ជាពិសេសគឺការដកទណ្ឌកម្ម៕