(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល បាននិយាយថា ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថារុស្ស៊ីគួរតែចូលរួមក្នុងកិច្ចប្រជុំនៃក្រុមបណ្ដាប្រទេស G7 មិនអាចបញ្ចុះបញ្ចូលនរណាម្នាក់បានឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោកស្រី មឺគែល ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ARD កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះ អធិការបតីអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ថា «ខ្ញុំមិនអាចឆ្លើយតបលម្អិតនឹងសំណួរ ពាក់ព័ន្ធនឹងអ្វីដែលលោក ត្រាំ បានលើកឡើងនោះទេ... ហើយជាការពិតណាស់ យើងបានសួរគាត់ ប៉ុន្តែចម្លើយរបស់គាត់ មិនអាចបញ្ចុះបញ្ចូលនរណាម្នាក់បានឡើយ»។
តែទោះជាយ៉ាងក្ដី លោកស្រី មឺគែល នៅតែយល់ថា រុស្ស៊ីមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាពិភពលោក។ «យើងត្រូវតែបន្តធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី... ពីព្រោះថា គ្មានឡើយដំណោះស្រាយសន្តិភាពសម្រាប់ស៊ីរី ហើយក៏ គ្មានដែរដំណោះស្រាយសន្តិភាពសម្រាប់អ៊ុយក្រែន បើគ្មានការចូលរួមពីទីក្រុងម៉ូស្គូ»។ នេះបើតាមលោកស្រី មឺគែល។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ មេដឹកនាំនៃបណ្តាប្រទេស G7 ក្នុងនោះមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងអង់គ្លេស បានបិទបញ្ចប់កិច្ចប្រជុំដ៏ចម្រូសចម្រាស់ ដោយសារតែលោក ដូណាល់ ត្រាំ ប្រកាសមិនគាំទ្រ សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំ G7៕