(ម៉ូស្គូ)៖ ប្រេស៊ីល ត្រូវបានចាប់ឆ្នោតប៉ះគូប្រជែងស្វីស កូស្តារីកា និងស៊ែប៊ី ដែលស្ថិតក្នុងពូល E ជាមួយគ្នា ដែលពុំមែនជាពូលមរណៈ (Group of Death) សម្រាប់អតីតម្ចាស់ជើងឯក World Cup ៥សម័យកាលនេះឡើយ។
តាមរយៈសារព័ត៌មាន CGTN បានចេញផ្សាយថា ប្រេស៊ីលដែលមានកីឡាករខ្សែប្រយុទ្ធឆ្នើម Neymar នៅក្នុងក្រុម របស់ពួកគេ បានចាត់ទុកថា ពូលដែលមានកូស្តារីកា មកពីតំបន់អាមេរិកខាងជើង និង២ក្រុមនៅអឺរ៉ុប ស្វីស និងស៊ែប៊ីនេះ មិនជាលំបាកសម្រាប់ពួកគេឡើយក្នុងការឆ្លងផុតនៃវគ្គជម្រុះសន្សំពិន្ទុក្នុងពូល E ហើយរំពឹងថាជាប់លេខ១ ដែលត្រូវប្រកួតខ្វែងពូលទល់នឹងក្រុមស្ថិតក្នុងពូល F ដែលមានម៉ិចសិច កូរ៉េខាងត្បូង ស៊ុយអែត និងក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់។
ទន្ទឹមគ្នានោះ អ្នកវិភាគបាល់ទាត់ល្បីៗនៅជុំវិញពិភពលោក ក៏បានធ្វើការវិភាគថា ប្រេស៊ីលអាចឈ្នះពាន World Cup លើកទី២១ ឆ្នាំ២០១៨ ដែលមានរហូតដល់ទៅ ២១% ដែលត្រូវបានដកស្រង់ចុះផ្សាយដោយ BBC កាលពីសប្តាហ៍មុន ហើយអាចនឹងជួបសត្រូវចាស់អាល្លឺម៉ង់ នៅវគ្គ១៦ក្រុមដែលពួកគេធ្លាប់ចាញ់ស្ពឹកមុខ ៧-១ តាំងពី World Cup 2014 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមរំលឹកផងដែរថា ប្រេស៊ីលជាក្រុមលេងល្អជាងគេ និងបានឈ្នះកៅអីទៅ World Cup 2018 មុនគេក្នុងចំណោម ៣១ប្រទេសដែលវគ្គជម្រុះ ខណៈរុស្ស៊ី ទទួលបានកៅអី១ដោយស្វ័យប្រវត្តិ ក្នុងនាមជាម្ចាស់ផ្ទះ៕