មន្ត្រីកំពូលៗអាមេរិក-កូរ៉េខាងជើង ជួបពិភាក្សាគ្នាហើយនៅសិង្ហបុរី មុនមួយថ្ងៃនៃជំនួប ត្រាំ-គីម... (Video inside)
11-06-2018 11:07
(សេអ៊ូល)៖ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង និងអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមបើកកិច្ចប្រជុំមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បី ពិភាក្សាគា្នពាក់ព័ន្ធនឹងជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអង្គារស្អែកនេះ។ នេះបើ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
អគ្គរដ្ឋទូតអាមេរិក លោក ស៊ុង គីម (Sung Kim) កំពុងជួបពិភាក្សាគ្នាជាមួយលោកស្រី ចូ សុនហ៊ុយ (Choe Son-hui) អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅឯសណ្ឋាគារ រីតស៍ ខាលតុន (Ritz Carlton) នៅថ្ងៃចន្ទនេះ ហើយវាត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងជំនួបរវាងលោក ត្រាំ និងលោក គីម ត្រូវប្រារព្ធនៅសិង្ហបុរី។ លោក Sung Kim និង លោក Choe ធ្លាប់បានជួបគ្នាជាច្រើនលើករួចមកហើយ នៅឯភូមិផាន់មុនចុម (Panmunjom) នៃព្រំដែនគ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ ដើម្បីជជែកពីរបៀបវារៈនៃកិច្ចប្រជុំ ក្នុងនោះរួមមានទាំងការរំសាយអាវុធនុយក្លេអ៊ែរ និងការធានាសន្តិសុខកូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក។
គួរជម្រាបថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា ហើយមេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងជួបមុខគ្នាជាផ្លូវការនៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃស្អែកនេះ។ ដោយឡែក នៅក្នុងជំនួបជាប្រវត្តិសាស្ត្រនេះ គេក៏រំពឹងដែរថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀតទាក់ទិននឹងទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង ជាពិសេសគឺការដកទណ្ឌកម្ម៕