(សិង្ហបុរី)៖ ទោះបីជាបានមកដល់ទឹកដីសិង្ហបុរី ដែលនៅត្រើយម្ខាងទៀតនៃមហាសមុទ្រប៉ាស៊ីហ្វិកទៅហើយក្តី ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននៅតែបន្តបង្ហោះសារលើបណ្តាញសង្គម Twitter វាយប្រហារទៅលើនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ជុំវិញបញ្ហាដែលបានកើតឡើងនៅអំឡុងកិច្ចប្រជុំ G7 នៅប្រទេសកាណាដានៅឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ខណៈដែលខ្លួនកំពុងស្នាក់នៅក្នុងសណ្ឋាគារ នៃប្រទេសសិង្ហបុរី ដើម្បីត្រៀមបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត នៅព្រឹកថ្ងៃស្អែកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ដោយក្តីនាព្រឹកថ្ងៃចន្ទនេះ លោក ដូណាល់ ត្រាំ បានបន្តបង្ហោះសារជាបន្តបន្ទាប់ រិះគន់ទៅលើប្រទេសកាណាដា ជុំវិញបញ្ហានៃវិស័យពន្ធ និងពាណិជ្ជកម្ម ដោយលោកបានបង្ហាញចេញនូវការមិនសុខចិត្ត ចំពោះនាយករដ្ឋមន្ត្រីកាណាដា និងថែមទាំងបានលើកឡើងអំពីការធ្វើពាណិជ្ជកម្មរវាងកាណាដា-អាមេរិក ដែលលោក ត្រាំ ចាត់ទុកថា កាណាដាតែងតែទទួលបានផលចំណេញរាប់ពាន់លានដុល្លារ ពីការលើកលែងពន្ធរបស់អាមេរិកនាពេលកន្លងមក ក្នុងនាមជាសម្ព័ន្ធមិត្ត និងជាអ្នកជិតខាងនឹងគ្នា។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោក ដូណាល់ ត្រាំ នៅអំឡុងពេលជិះយន្តហោះឆ្ពោះមកកាន់សិង្ហបុរី បានបង្ហើបឲ្យដឹងថា លោកបានបង្គាប់ឲ្យក្រុមមន្រ្តីតំណាងសេតវិមាន មិនផ្តល់ការគាំទ្រដល់សេចក្តីថ្លែងការណ៍រួមចុងក្រោយ នៃកិច្ចប្រជុំ G7 ឡើយ ដោយសារតែការធ្វើអត្ថាធិប្បាយប្រាសចាកពីការពិតរបស់លោក Justin Trudeau ដែលបានចាត់ទុកការដំឡើងពន្ធលើផលិតផល ដែក-អាលុយមីញ៉ូមរបស់អាមេរិកថា ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ ហើយលោកនាយករដ្ឋមន្រ្តីកាណាដា ថែមទាំងបានប្រកាសនឹងចាត់វិធានការសងសឹកទៀតផង៕