(សិង្ហបុរី)៖ សេចក្តីរាយការណ៍​ព័ត៌មានមួយបានបង្ហើបឲ្យ​ដឹងថា នៅមុន​ការកិច្ចប្រជុំជា​ប្រវត្តិសាស្រ្ត​នៅសិង្ហបុរី ប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ រួចជាស្រេច​ទៅ​ហើយ ដើម្បីឲ្យទៅ​បំពេញទស្សនកិច្ច​នៅឯ​រដ្ឋធានី​ព្យុងយ៉ាង ដើម្បីបើកកិច្ច​ប្រជុំជា​លើកទីពីរ នៅខែកក្កដា​ខាងមុខនេះ​តែម្តង។ នេះបើ​សេចក្តីរាយការណ៍​របស់សារព័ត៌មានរបស់​កូរ៉េ​ខាងត្បូង​ ដកស្រង់ខ្លឹមសារ​បន្តដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

ជាងនេះទៅទៀត​នៅថ្ងៃ​ចន្ទនេះ ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ក៏បាន​ធ្វើ​សេចក្តីរាយការណ៍​ផងដែរថា កិច្ចប្រជុំកំពូល​អាមេរិក​-​​កូរ៉េខាងជើង នៅព្រឹកថ្ងៃស្អែកនេះ នឹងផ្តោតទៅលើការ​ចាប់ផ្តើមចំណងទាក់​ទងថ្មី​ រវាងប្រទេស​ទាំងពីរ ព្រមទាំង​ការ​បង្កើតប្រព័ន្ធសន្តិភាពដ៏រឹងមាំមួយ និងការរំសាយ​អាវុធនុយក្លេអ៊ែរ​ពី​ឧបទ្វីបកូរ៉េ។

ជុំវិញសេចក្តីរាយការណ៍ខាងលើនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានលើក​ឡើងផងដែរថា ប្រសិនបើជំនួប​កំពូលនេះ​បញ្ចប់ទៅដោយ​ភាព​​វិជ្ជមាន លោកអាច​នឹងអញ្ជើញលោក គីម ឲ្យទៅបំពេញទស្សនកិច្ច​នៅសេតវិមានថែមទៀតផង។

គួរជម្រាបថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន បានធ្វើដំណើរ​មកដល់ប្រទេស​សិង្ហបុរី កាលពីថ្ងៃអាទិត្យ​ម្សិលមិញដូចគ្នា ហើយ​មេដឹកនាំ​ទាំងពីរត្រូវគេរំពឹងថា នឹងជួបមុខគ្នាជាផ្លូវការ​នៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នៅវេលា​ម៉ោង ០៩៖០០នាទី​ព្រឹក​ថ្ងៃស្អែកនេះ៕