(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងពិភាក្សាគ្នាពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ និងបញ្ហាមួយចំនួនទៀត នៅអំឡុងពេលអ្នកទាំងពីរ ជួបប្រជុំជាប្រវត្តិសាស្រ្តនៅថ្ងៃអង្គារស្អែកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក ត្រាំ និងលោក គីម បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងត្រូវធ្វើឡើងក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីពិភពលោកទំាងមូល។ នេះជាការលើកឡើងរបស់សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA។ សារព័ត៌មានមួយនេះបានបញ្ជាក់ទៀតថា លោក គីម ត្រូវអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងក្នុងនោះរួម មានលោក គីម យ៉ុងចុល (Kim Yong-chol) ជាអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង (WPK), អនុប្រធានទទួលបន្ទុកកិច្ចការបរទេស WPK លោក រី ស៊ូយ៉ុង (Ri Su-yong) និងលោក ណូ ក្វាងចុល (No Kwang-chol) រដ្ឋមន្ត្រីនៃកងទ័ពប្រជាជនប្រដាប់អាវុធ។
គួរជម្រាបថា អំឡុងពេលធ្វើទស្សនកិច្ចនៅសិង្ហបុរី លោក ដូណាល់ ត្រាំ គឺស្នាក់នៅសណ្ឋគារ សាងគ្រីឡា (Shangri-La) ខណៈលោក គីម ជុងអ៊ុន កំពុងស្នាក់នៅសណ្ឋាគារ រ៉េជីស (St. Regis) ដែលហ៊ុមព័ទ្ធទៅដោយកងអង្គរក្ស នាំមកពីប្រទេសកូរ៉េខាងជើងរបស់លោកតែម្តង។ មុនពេលជួប លោក គីម នៅសណ្ឋាគារ ខាភែលឡា (Capella) លើកោះ Sentosa នាថ្ងៃអង្គារ លោក ត្រាំ ក៏នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ដែលជាម្ចាស់ផ្ទះផងដែរនៅថ្ងៃចន្ទនេះ៕