(តូក្យូ)៖ កងទ័ពអាមេរិកប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា យន្ដហោះចម្បាំងអាមេរិក ធុន F-15 មួយគ្រឿងបានធ្លាក់នៅឯតំបន់ដែនទឹកកោះអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងប្រទេស នៅអំឡុងពេលហ្វឹកហាត់ហោះហើរជាទម្លាប់ នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងទ័ពអាមេរិកក៏បានបញ្ជាក់ដែរថា ពីឡុតដែលបញ្ជានៅលើយន្ដហោះនោះ បានលោតចុះដោយជោគជ័យ និងត្រូវបានជួយសង្រ្គោះដោយក្រុមអ្នកជួយសង្រ្គោះ។ ប៉ុន្តែមូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវគេកំណត់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលយន្ដហោះចម្បាំងអាមេរិកបានធ្លាក់ នៅលើកោះអូគីណាវ៉ា ហើយសូម្បីតែប្រជាជនជប៉ុនរស់នៅលើកោះនេះ ក៏បានត្អូញត្អែរ ចំពោះប្រតិបត្តិការរបស់យោធាអាមេរិកផងដែរ ដោយពួកគេចោទប្រកាន់ថា បាននិងកំពុងបំពុលបរិស្ថាន និងរំខានដល់ការរស់ប្រចាំថ្ងៃរបស់ពួកគេ៕