(សិង្ហបុរី)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ដែលនឹងត្រូវប្រព្រឹត្តិទៅនៅឯសណ្ឋាគារ ខាភែលឡា (Capella) នៃកោះ សេនតូសា (Sentosa) វេលាម៉ោង ០៩៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) នៅថ្ងៃអង្គារស្អែកនេះតែម្តង។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗទាំង ០៧ អំពីដំណើរប្រព្រឹត្តទៅនៃជំនួបកំពូលខាងលើនេះ៖
១៖ ការរៀបចំកិច្ចការងារជូនថ្នាក់ដឹកនាំ
លោក ចូ ហាគីន (Joe Hagin) ជាអនុប្រធានបុគ្គលិកសេតវិមាន និងលោក គីម ចាងសុន (Kim Chang Son) ប្រធានបុគ្គលិករបស់លោក គីម ជុងអ៊ុន ជាអ្នកសម្របសម្រួលរាល់ការរៀបចំទាំងអស់។
២៖ កិច្ចការសន្តិសុខជូនថ្នាក់ដឹកនាំ
កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារ Capella នៃកោះ Sentosa នាវេលាម៉ោង ០៩៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) នៅថ្ងៃអង្គារស្អែកនេះ។ មេដឹកនាំទាំងពីរសុទ្ធតែមានកងការពារសន្តិសុខផ្ទាល់ខ្លួន ខណៈកងកម្លាំងសន្តិសុខសិង្ហបុរី ក្នុងនោះមានទាំងកងកម្លាំង Gurkhas ប្រមាណ ១,៨០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសុន្តិសុខ និងសុវត្ថិភាព។
៣៖ មធ្យោបាយធ្វើដំណើរនៃថ្នាក់ដឹកនាំ
យន្ដហោះវ័យចំណាស់សល់ពីអតីតសហភាពសូវៀត ត្រូវបានគេប្រើដើម្បីជូនដំណើរលោក គីម ជុងអ៊ុន និងក្រុមមន្ត្រីកូរ៉េខាងជើងពីទីក្រុងព្យុងយ៉ាងមកកាន់សិង្ហបុរី ខណៈលោក ត្រាំ វិញបានធ្វើដំណើរតាមយន្តហោះពិសេស Airforce One ពីប្រទេសកាណាដា (ក្រោយបញ្ចប់កិច្ចប្រជុំ (G7) មកកាន់សិង្ហបុរីតែម្តង។
៤៖ ឱកាសផ្តិតយករូបភាព នៃជំនួបថ្នាក់ដឹកនាំ
អ្នកសារព័ត៌មានច្រើនជាង ៣,០០០នាក់ មកពីទូទាំងពិភពលោក បានចុះឈ្មោះចូលរួម ផ្តិតយកទិដ្ឋភាពនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។ ចំណែកឯពិធីការនៃកិច្ចចរចាក៏មានការពិចារណាផងដែរ ពីការថតរូបមេដឹកនាំទំាងពីរ។ លោក គីម មានកម្ពស់ ១.៧០ម៉ែត្រ ហើយលោក ត្រាំ មានកម្ពស់ ១.៨០ម៉ែត្រ ដែលរឿងកម្ពស់នេះទំនងជានឹងជំរុញឱ្យកូរ៉េខាងជើងស្នើ លោក គីម និងលោក ត្រាំ គួរតែអង្គុយចុះនៅ ពេលបង្ហាញខ្លួននៅចំពោះមុខកាកាមេរ៉ា។
៥៖ បញ្ជីរាយមុខម្ហូបសម្រាប់ថ្នាក់ដឹកនាំ
លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា មិនមែនជាអ្នកចូលចិត្តផឹកស្រានោះទេ តែចូលចិត្តពិសានំប៊ឺហ្គឺ ខណៈលោក គីម ជុង អ៊ុន វិញចូលចិត្ត Wine (ស្រា) និងមីបែបកូរ៉េ។ ដូច្នេះសណ្ឋាគារដែលទទួលបន្ទុករៀបចំកម្មវិធី ត្រៀមចាត់ចែងទៅតាមភាពជាក់ស្តែង។
៦៖ អ្នកដែលត្រូវចំណាយ
ការជជែកដេញដោលនៅតែធ្វើឡើយថា តើនរណាជាអ្នកចំណាយលើថ្លៃបន្ទប់ជាង ៦,០០០ដុល្លារ របស់លោក គីម ជុងអ៊ុន នៅឯសណ្ឋាគារ ហ្វូល្លឺតុន (Fullerton)។ សហរដ្ឋអាមេរិក សិង្ហបុរី និងក្រុមយុទ្ធនាការប្រឆាំងនុយក្លេអ៊ែរ ICAN បានព្រមព្រៀងគ្នាថា នឹងចូលរួមចំណែកទទួល បន្ទុកលើការចំណាយ។ ដោយឡែកកាលពីថ្ងៃម្សិលមិញ នាយករដ្ឋមន្ត្រីសិង្ហបុរីបានអះអាងថា រដ្ឋាភិបាលសិង្ហបុរីជាអ្នកចាយ ១៥លានដុល្លារអាមេរិក ដើម្បីរៀបចំដំណើរការនៃជំនួប ត្រាំ-គីម ទាំងមូលតែម្តង។
៧៖ ពិធីការជារួម
កិច្ចចរចារវាងភាគីទាំងពីរ ក្នុងនោះរួមមានការអង្គុយចរចានៅឯតុចរចា។ រីឯផ្លូវចេញចូលនៃបន្ទប់ក្នុងនោះមាន ទ្វារពីរសម្រាប់ចូលសម្រាប់មេដឹកទាំងពីរ ក្នុងពេលតែមួយ ព្រមទាំងអ្នកដែលត្រូវអនុញាតឱ្យចូលក្នុងបន្ទប់ជាមួយអ្នកទាំងពីរ។ ដោយឡែក ទាក់ទិននឹង រឿងវត្ថុអនុស្សាវរីយ៍នឹងត្រូវឃ្លាំមើលក្រោមការប្រុងប្រយ័ត្នជាទីបំផុត ពីព្រោះសហរដ្ឋអាមេរិក មិនចង់រំលោភលើការដាក់ទណ្ឌកម្ម។ ដូច្នេះវត្ថុអនុស្សាវរីយ៍អាចមានចាប់ពីកូនសុនខ ឬ ផ្សិត Mutsutake ឬក៏ mushroom ជាដើម៕
ប្រភព៖ Straits Times