(វ៉ាស៊ីនតោន)៖ ពិធីករ​កម្មវិធី Fox & Friends របស់ស្ថានីយ​ទូរទស្សន៍អាមេរិក Fox News និងជាកូនស្រីអគ្គរដ្ឋទូតអាមេរិកប្រចាំ​រុស្ស៊ី អ្នកនាង អ៊ែបបាយ ហាន់ស្មែន (Abby Huntsman) ត្រូវបានគេបង្ខំ​ឱ្យសូមទោស បន្ទាប់ពីអ្នកនាង​ហៅកិច្ចប្រជុំរវាង​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ថាជា​កិច្ចប្រជុំរវាងមេដឹក​នាំ​ផ្ដាច់ការ​ពីររូប។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។

អ្នកនាង Abby Huntsman ធ្វើការកត់​សម្គាល់ខាងលើ នៅពេល​ដែលសាកសួរអតីត​នាយកទំនាក់ទំនង​សេតវិមាន លោក អាន់ថូនី ស្ការ៉ាម៉ាក់ស៊ី (Anthony Scaramucci) ពាក់ព័ន្ធនឹងការ​យល់ឃើញរវាងលោក ត្រាំ នឹងលោក គីម។ ប៉ុន្តែនៅ​ក្នុងពេល​នោះ ស្រាប់តែអ្នកនាងរបូតមាត់ ហៅកិច្ច​ប្រជុំ ត្រាំ-គីម ថាជា​កិច្ចប្រជុំ​រវាងមេដឹកនាំផ្ដាច់ការពីររូបទៅវិញ។

យ៉ាងណាក៏​ដោយ ក្រោយមាន​ការរិះគន់ អ្នកនាង Huntsman បានចេញ មុខសូមទោស​ជាសាធារណៈ​ដោយអះអាងថា អ្វីដែលបាន​និយាយគឺជាការ​យល់​ច្រឡំ។ អ្នកនាង Abby Huntsman បានលើក​ឡើង​ដូច្នេះថា «ដូចដែល​អ្នកដឹងហើយ​នៅលើកម្មវិធីផ្សាយ​ផ្ទាល់ តាមកញ្ចក់​ទូរទស្សន៍ អ្នកមិនអាច​និយាយអ្វី​មួយ ដែលល្អអស្ចារ្យនោះ​ឡើយ។ ខ្ញុំបានហៅលោកប្រធានាធិបតី ត្រាំ និងលោក គីម ជុងអ៊ុន ជាជនផ្ដាច់ការ។ តែខ្ញុំមិនមែន​ចង់មានន័យបែបនេះ​ឡើយ វាជាកំហុស​របស់ខ្ញុំ ដូច្នេះខ្ញុំពិត​ជាសូមទោស»

គួរបញ្ជាក់​ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានទៅដល់​សិង្ហបុរី​ដូចគ្នា​កាលពីថ្ងៃអាទិត្យ​ម្សិលមិញនេះ ដើម្បីជាការ​ត្រៀមខ្លួនចូលរួម​កិច្ចប្រជុំកំពូល​ជា​ប្រវត្តិសាស្ត្រ ក្នុងនាមអតីតប្រទេស​ដែលធ្លាប់ផ្លោង​សម្តី និងដាក់ទណ្ឌកម្មគ្នា​យ៉ាងក្តៅគគុក ប៉ុន្តែអាច​មានឱកាស​​មកអង្គុយចុះ​ចរចាគ្នា ដែលកំពុងទទួល​បានការសាទរ​ពីអន្តរជាតិ។ ដោយហេតុ​នេះ​ហើយទើប បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិ​​ល្បីៗ មានការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​ការចេញ​ផ្សាយ​​​ព័ត៌មាន អំពីដំណើរ​ទៅរកកិច្ច​ប្រជុំ​នេះ៕