(សិង្ហបុរី)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីដែរហើយ ខណៈលោក គីម ជុងអ៊ុន បានមកដល់កាលពីវេលារសៀល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
ក្រោយពីបានចាកចេញពីកិច្ចប្រជុំ G7 នៅប្រទេសកាណាដា និងហោះឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេលជាច្រើនម៉ោងមក ទីបំផុតយន្តហោះ Air Force One របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការចុះចតនៅឯមូលដ្ឋានទ័ពអាកាស Paya Lebar របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមចូលរួមបើកកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារខាងមុខនេះ។
គួរជម្រាបថា អំឡុងពេលធ្វើទស្សនកិច្ចនៅសិង្ហបុរី លោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថានឹងស្នាក់នៅសណ្ឋគារ Shangri-La ខណៈលោក គីម ជុងអ៊ុន កំពុងស្នាក់នៅសណ្ឋាគារ St. Regis ដែលហ៊ុមព័ទ្ធទៅដោយកងអង្គរក្សរបស់កូរ៉េខាងជើង។ មុនពេលជួបលោក គីម នៅសណ្ឋាគារ Capella លើកោះ Sentosa នាថ្ងៃអង្គារ លោក ត្រាំ ក៏នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ដែលជាម្ចាស់ផ្ទះផងដែរ នៅថ្ងៃស្អែក៕