(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក នាយប់ថ្ងៃអាទិត្យនេះ បានទទួលជួបពិភាក្សាជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់ទឹកដីនៃប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃអាទិត្យនេះ ដើម្បីត្រៀមខ្លួនបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី នាព្រឹកថ្ងៃអង្គារ ហើយវានឹងក្លាយជាជំនួបលើកទីមួយពុំធ្លាប់មាន រវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក ដែលកំពុងកាន់អំណាច។
គួរជម្រាបថា អំឡុងពេលបំពេញទស្សនកិច្ចនៅសិង្ហបុរី លោក គីម ត្រូវគេរំពឹងថានឹងស្នាក់នៅសណ្ឋាគារឈ្មោះថា St. Regis ហើយលោក ត្រាំ នឹងស្នាក់នៅសណ្ឋាគារឈ្មោះ Shangri-La ខណៈលោកប្រធានាធិបតីអាមេរិក ត្រូវគេរំពឹងថានឹងមកដល់ប្រទេសសិង្ហបុរី នាយប់ថ្ងៃអាទិត្យនេះ។ លោក ដូណាល់ ត្រាំ ក៏នឹងត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរីផងដែរ ប៉ុន្តែវានឹងធ្វើឡើងនៅថ្ងៃចន្ទស្អែក។
ក្នុងឱកាសនៃជំនួបជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លោក គីម ជុងអ៊ុន បានបង្ហាញក្តីជឿជាក់ថា តួនាទីរបស់សិង្ហបុរី នឹងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្រ្តប្រសិនបើកិច្ចប្រជុំកំពូលរបស់កូរ៉េខាងជើង ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទួលបានជោគជ័យ។ លោក គីម បានជួបពិភាក្សាគ្នាតែមួយភ្លែតប៉ុណ្ណោះជាមួយនាយករដ្ឋមន្រ្តីលោក Lee Hsien Loong នៅឯវិមានរដ្ឋាភិបាលសិង្ហបុរី Istana ខណៈពេលនេះ លោក គីម បានត្រឡប់ទៅកាន់សណ្ឋាគារ St. Regis វិញហើយ។ លោក គីម ត្រូវគេរាយការណ៍ថា នឹងចាក់ចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង០២៖០០នាទីរសៀលថ្ងៃអង្គារ ក្រោយការបើកកិច្ចប្រជុំកំពូលជាមួយ លោក ដូណាល់ ត្រាំ នៅពេលវេលាព្រឹកម៉ោង០៩៖០០នាទី៕