(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong បានបញ្ជាក់ឲ្យដឹងថា ប្រទេសរបស់លោក នឹងត្រូវចំណាយថវិកាប្រមាណជា២០លានដុល្លារសិង្ហបុរី ដែលស្មើនឹង១៥លានដុល្លារអាមេរិក សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ប៉ុន្តែវាក៏ជាឱកាសផ្តល់ឲ្យមកវិញនូវភាពលេចធ្លោលើឆាកអន្តរជាតិសម្រាប់សិង្ហបុរីផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក Lee បាននិយាយថា «បើទាក់ទិននឹងឥទ្ធិពលផ្ទាល់ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ផ្តល់ឲ្យយើងនូវភាពលេចធ្លោលើឆាកអន្តរជាតិ ហើយនៅពេលភាគីទាំងពីរ បានស្នើឲ្យយើងធ្វើជាអ្នកទទួលរៀបចំកិច្ចប្រជុំកំពូលរបស់ប្រទេសទាំងពីរ យើងមិនអាចបដិសេធបានឡើយ ព្រោះថាយើងមានសមត្ថភាពអាចទទួលធ្វើវាបាន ហើយ យើងត្រូវតែចំណាយធនធានខ្លះៗ»។
លោក Lee Hsein Loong បានបញ្ជាក់ថា សិង្ហបុរី នឹងចំណាយខ្ទង់២០លានដុល្លារសិង្ហបុរី (១៤.៩៨លានដុល្លារអាមេរិក) ទៅលើការរៀបចំកិច្ចប្រជុំកំពូលរបស់លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដោយលោកបានលើកឡើងដូច្នេះថា «យើងពេញចិត្តនឹងធ្វើការចំណាយដ៏ច្រើននេះ ហើយវាគឺជាការចូលរួមចំណែករបស់យើង សម្រាប់កិច្ចប្រឹងប្រែងរបស់អន្តរជាតិ»។
គួរជម្រាបថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់សិង្ហបុរីហើយនារសៀលថ្ងៃអាទិត្យនេះ តាមជើងហោះហើររបស់យន្តហោះឯកជនមួយនៃអាកាសចរណ៍ចិន។ លោក Lee នឹងត្រូវទទួលជួបពិភាក្សាជាមួយ លោក គីម នាថ្ងៃអាទិត្យនេះ ហើយជួបជាមួយលោក ត្រាំ នៅថ្ងៃស្អែក ខណៈលោកប្រធានាធិបតីអាមេរិក កំពុងស្ថិតនៅតាមផ្លូវហោះហើរឆ្ពោះមកកាន់សិង្ហបុរីនៅឡើយ។ លោក ត្រាំ ក៏ត្រូវគេរំពឹងថានឹងមកដល់ថ្ងៃអាទិត្យនេះដែរ ប៉ុន្តែអាចនៅពេលល្ងាចឬពេលយប់៕