(សិង្ហបុរី)៖ ទីបំផុតប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសសិង្ហបុរីហើយនាថ្ងៃអាទិត្យនេះ ពោលគឺនៅ០២ថ្ងៃមុនការបើកជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងត្រូវបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត នៅឯសណ្ឋាគារ Capella លើកោះ Sentosa របស់ប្រទេសសិង្ហបុរី ដើម្បីជជែកអំពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរនឹងការសម្បទានសេដ្ឋកិច្ច ព្រមទាំងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ ខណៈដែលលោក គីម ជុងអ៊ុន បានទៅដល់ដីសិង្ហបុរីហើយនោះ លោក ដូណាល់ ត្រាំ កំពុងនៅតាមផ្លូវលើយន្តហោះ Air Force ចេញពីកាណាដា ឆ្ពោះមកកាន់សិង្ហបុរីនៅឡើយទេ ប៉ុន្តែលោកត្រូវគេរំពឹងថានឹងមកដល់នៅថ្ងៃអាទិត្យនេះដូចគ្នា។
គួរជម្រាបថា លោក គីម ត្រូវគេរំពឹងថានឹងស្នាក់នៅសណ្ឋាគារ St Regis ខណៈលោក ត្រាំ នៅសណ្ឋាគារ Shangri-La ដោយសណ្ឋាគារទាំងពីរស្ថិតនៅតំបន់ Tanglin ដែលជាទីប្រជុំជនដ៏ធំរបស់សិង្ហបុរី ហើយទាំងកោះ Sentosa និងតំបន់ Tanglin សុទ្ធតែត្រូវបានចាត់ថ្នាក់ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសដោយអាជ្ញាធរសិង្ហបុរី ខណៈសន្តិសុខត្រូវបានរឹតបន្តឹងជាខ្លាំង នៅជុំវិញតំបន់ទាំងពីរកន្លែងនេះ។
គួរជម្រាបថា នៅមុនកិច្ចប្រជុំកំពូលកូរ៉េខាជើង-អាមេរិក នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong ក៏នឹងទទួលជួបលោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យផងដែរ ខណៈសម្រាប់លោក ត្រាំ លោក Lee នឹងជួបនៅថ្ងៃចន្ទស្អែក៕