(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsein Loong នឹងបើកកិច្ចប្រជុំពីរដាច់ដោយឡែកពីគ្នា ដោយជំនួបមួយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមួយទៀតជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរី ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
បើតាមក្រសួងការបរទេសសិង្ហបុរី លោក Lee និងជួបជាមួយលោក គីម នៅថ្ងៃទី១០ ខែមិថុនា គឺនៅថ្ងៃអាទិត្យនេះតែម្តង ហើយជួបជាមួយលោក ត្រាំ នៅថ្ងៃទី១១ ខែមិថុនា ស្អែកនេះ នៅពេលដែលមេដឹកនាំទាំងពីរ មកធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារខាងមុខនេះ។
គួរជម្រាបថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថានឹងធ្វើដំណើរមកដល់ទឹកដីសិង្ហបុរី នៅថ្ងៃអាទិត្យនេះដូចគ្នា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលនៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមិថុនា នៅសណ្ឋាគារ Capella លើកោះ Sentosa របស់សិង្ហបុរី។ ជាមួយគ្នានេះ លោក ត្រាំ ត្រូវគេរំពឹងថានឹងស្នាក់នៅសណ្ឋាគារ Shangri-La ខណៈលោក គីម នៅសណ្ឋាគារ St. Regis៕