(សិង្ហបុរី)៖ ការរឹតបន្តឹងសន្តិសុខបន្ថែម ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៀត នៅក្នុងប្រទេសសិង្ហបុរីនាព្រឹកថ្ងៃអាទិត្យនេះ នៅមុនការមកដល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ នាថ្ងៃអង្គារខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
កម្លាំងប៉ូលិសជាច្រើននាក់ និងកន្លែងត្រួតពិនិត្យសន្តិសុខ ព្រមទាំងរនាំងបិទផ្លូវ ត្រូវបានដាក់ពង្រាយនៅជុំវិញតំបន់សម្រាប់រៀបចំព្រឹត្តិការណ៍សំខាន់ៗ ដែលនេះគឺជាសញ្ញាមួយគូសបញ្ជាក់ឲ្យឃើញពី កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ានមួយនេះ ក្នុងការទប់ស្កាត់រាល់បញ្ហានានា ដែលអាចកើតមាននៅក្នុងអំឡុងកិច្ចប្រជុំកំពូលត្រាំ-គីម ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។
អាជ្ញាធរសិង្ហបុរី បានចាត់ទីតាំងនានា ដែលទាក់ទងនឹងកិច្ចប្រជុំកំពូលខាងលើ ជាតំបន់សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេស ចាប់ពីថ្ងៃអាទិត្យនេះរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយទីតាំងទាំងនោះរួមមានសណ្ឋាគារ Capella នៅលើកោះ Sentosa ដែលជាកន្លែងបើកកិច្ចប្រជុំ និងបរិវេណនៅជុំវិញសណ្ឋាគារ Shangri-La និង St. Regis ជាទីដែលគេរំពឹងថាលោក ត្រាំ និង លោក គីម នឹងស្នាក់នៅ។
គួរជម្រាបថា យន្តហោះ Air Force One របស់លោក ត្រាំ ត្រូវគេរំពឹងថានឹងមកដល់មូលដ្ឋានទ័ពអាកាស Paya Lebar នៃប្រទេសសិង្ហបុរីនាថ្ងៃអាទិត្យនេះ ក្រោយធ្វើដំណើរក្នុងជើងហោះហើររយៈពេល១៧ម៉ោង ចេញពីកាណាដា ជាទីដែលលោក បានចូលរួមកិច្ចប្រជុំ G7។ នៅថ្ងៃដដែលនេះ យន្តហោះរបស់លោក គីម ជុងអ៊ុន ក៏ទំនងជានឹងមកដល់ព្រលានយន្តហោះ Changi របស់សិង្ហបុរីផងដែរ ក្រោយការហោះហើររយៈពេល០៧ម៉ោង ចេញពីរដ្ឋធានីព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើង៕