(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថារូបលោកបានបង្គាប់ដល់ក្រុមអ្នកតំណាងរបស់សហរដ្ឋអាមេរិក មិនឲ្យផ្តល់ការចុះហត្ថលេខាគាំទ្រដល់សេចក្តីថ្លែងការណ៍រួម ដែលចេញនៅអំឡុងការបិទបញ្ចប់កិច្ចប្រជុំនៃប្រទេសសេដ្ឋកិច្ចកំពូល G7 ដែលប្រារព្ធឡើងនៅប្រទេសកាណាដាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើងខាងលើនេះរបស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង ក្រោយពីលោកបានចាកចេញពីប្រទេសកាណាដា និងកំពុងស្ថិតនៅលើយន្តហោះ Air Force One សំដៅឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ប្រតិកម្មរបស់លោក ត្រាំ បានកើតមានបន្ទាប់ពី នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការដំឡើងពន្ធនាពេលថ្មីៗនេះរបស់អាមេរិក គឺប្រៀបដូចជាការប្រមាថមើលងាយមួយ ហើយលោក នឹងឲ្យគេគំរាមកំហែងតាមចិត្តឡើយ។
គួរជម្រាបថា កិច្ចប្រជុំ G7 ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានសម្រេចអនុវត្តន៍ការដំឡើងពន្ធលើផលិតផលដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលពីសហភាពអឺរ៉ុប កាណាដា និងម៉ិចស៊ីកូ ដែលបានបង្កឲ្យមានការជំទាស់ជាខ្លាំង ពីសហគមន៍អាជីវកម្មក្នុងស្រុក និងវិធានការឆ្លើយតបពីសំណាក់ដៃគូពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិក៕