(កាណាដា)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថាកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នៅប្រទេសសិង្ហបុរី គឺជាឱកាសកម្រតែមួយគត់ សម្រាប់លោក គីម ជុងអ៊ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Associated Press (AP) នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង ខណៈដែលរូបលោកឆ្លៀតនិយាយពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ដែលមនុស្សគ្រប់គ្នាបាននិងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា និងខិតកាន់តែកៀកមែនទែន នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯប្រទេសកាណាដា ក្រោយចូលរួមកិច្ចប្រជុំ G7។ ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ គឺមានន័យថា ជំនួបកំពូលរវាងមេដឹកនាំអាមេរិក-កូរ៉េខាងជើង នៅសិង្ហបុរី គឺជាឱកាសតែមួយសម្រាប់លោក គីម ជុងអ៊ុន ពីព្រោះថាប្រសិនបើវាបរាជ័យឬបញ្ចប់ទៅដោយភាពអវិជ្ជមាន គឺគ្មានលើកទីពីរនោះឡើយ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ នឹងចាកចេញពីប្រទេសកាណាដានាថ្ងៃសៅរ៍នេះ ហើយបន្តឆ្ពោះទៅកាន់សិង្ហបុរីតែម្តង ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន ដែលត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា ពោលគឺប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ចំណែកលោក គីម ក៏ត្រូវគេរាយការណ៍ថា នឹងធ្វើដំណើរទៅដល់សិង្ហបុរីនៅថ្ងៃអាទិត្យស្អែកផងដែរ៕