(គីងតាវ)៖ កិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ បាននិងកំពុងតែប្រារព្ធឡើងនៅទីក្រុង គីងតាវ នៃខេត្តសានទុង ជាប់ឆ្នេរភាគខាងកើតប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដល់ទី១០ ខែមិថុនា ឆ្នាំ២០១៨ ដែលមានមេដឹកនាំប្រទេសសំខាន់ៗចូលរួមដូចជា ប្រទេសចិន, រុស្ស៊ី, ឥណ្ឌា, ប៉ាគីស្ថាន, តាជីគីស្ថាន, អូបេគីស្ថាន, កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដែលសុទ្ធសឹងជាប្រទេសនៅក្នុងតំបន់អឺរ៉ាស៊ី (Eurasia)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
មុនពេលដែលមេដឹកនាំកំពូលៗមកជួបប្រជុំគ្នា នៅទីក្រុង គីងតាវ នៅល្ងាចថ្ងៃសៅរ៍នេះ មេដឹកនាំទាំងអស់ក៏បានចូលរួមទស្សនា ពិធីតាំងពិព័រណ៍វប្បធម៌ ដែលលោក ស៊ី ជិនពីង ប្រធានាធិបតីជាអ្នកដឹកនាំដំណើរផងដែរ នៅក្នុងទីក្រុង ធានជីន ដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង នៅភាគឦសានប្រទេសចិន។ នៅក្នុងកម្មវិធីនោះ គឺមានការតាំងពិព័រណ៍ផ្នែកវប្បធម៍ប្រពៃណី អាហារ និងទំនៀមទម្លាប់ផ្សេងៗទៀតនៃប្រទេសចិន និងបណ្តាប្រទេសជាសមាជិក SCO។
គួរបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ គឺការប្រមូលផ្តុំនៃសមាជិកជាប្រទេសស្ថិតនៅតំបន់អាស៊ីភាគកណ្តាល និងខាងត្បូងមួយចំនួន ដែលអាចហៅថា អឺរ៉ាស៊ី (Eurasia) ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមផ្នែក នយោបាយ, សេដ្ឋកិច្ច និងសន្តិសុខ ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ ដោយមេដឹកនាំនៃបណ្តាប្រទេស ដូចមានរៀងរាប់ខាងលើនេះ៕