ងាកមកចាប់អារម្មណ៍៖ លោក ពូទីន «រៀនធ្វើនំគាវ» ពេលមកចូលរួមកិច្ចប្រជុំកំពូល SCO នៅចិន (Video inside)
09-06-2018 17:30
(ធានជីន)៖ ខណៈកិច្ចប្រជុំ G7 នៅប្រទេសកាណាដា បានក្លាយជាសង្វៀនផ្លោងសម្តីដាក់គ្នា ពាក់ព័ន្ធទង្វើរបស់ លោក ដូណាល់ ត្រាំ ដែលកំពុងបង្កឲ្យសម្ព័ន្ធមិត្តទាំង ៦ ទៀតមិនពេញចិត្តនោះ នៅទីក្រុងធានជីនប្រទេសចិនឯណេះវិញ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បែរជាបង្ហាញនូវភាពល្អូកល្អឺន និងចុះសម្រុងគ្នា ហើយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអញ្ជើញលោក វ្លាឌីមៀ ពូទីន ទៅទស្សនាការតាំងពិព័រណ៍ ក៏ដូចជាការរៀបចំ និងចំអិនអាហារប្រពៃណីចិនជាច្រើនប្រភេទ ក្នុងនោះមានទាំងនំគាវដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងខ្សែវីដេអូរយៈពេលខ្លីមួយ គេឃើញលោក ពូទីន កំពុងតែផ្ចិតផ្ចង់ក្នុងការវេចខ្ចប់នំគាវ ដែលជាអាហារប្រពៃណីរបស់ប្រទេសចិន និងនៅតែពេញនិយមជានិច្ច សម្រាប់បណ្តាប្រទេសជាច្រើនដែលមានជនជាតិចិនរស់នៅ។ សកម្មភាពរបស់លោក ពូទីន ដែលអមដោយប្រធានាធិបតីលោក ស៊ី ជិនពីង ក្នុងការភក្សរសជាតិអាហារចិនជាច្រើននោះ គឺស្ថិតនៅក្នុងពិព៍រណ៍វប្បធម៌មួយ នៅក្នុងទីក្រុង ធានជីន ភាគឦសានប្រទេសចិន មុនលោកទាំងពីរត្រូវធ្វើដំណើរមកទីក្រុង គីងតាវ ដើម្បីចូលរួមកិច្ចប្រជុំ SCO ជាមួយបណ្តាមេដឹកនាំពិភពលោកដទៃៗទៀត ក្នុងនោះមានដូចជា ឥណ្ឌា ប៉ាគីស្ថាន តាជីគីស្ថាន អូបេគីស្ថាន កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ដែលសុទ្ធសឹងជាប្រទេសនៅក្នុងតំបន់អឺរ៉ាស៊ី។
គួរបញ្ជាក់ថា កិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសៀងហៃ បាននិងកំពុងតែប្រារព្ធឡើងនៅទីក្រុង គីងតាវ នៃខេត្តសានទុង ជាប់ឆ្នេរភាគខាងកើតប្រទេសចិន ចាប់ពីថ្ងៃទី០៨ ដល់ទី១០ ខែមិថុនា ឆ្នាំ២០១៨ ហើយការបំពេញទស្សនកិច្ចរបស់ លោក ពូទីន ពេលនេះ គឺជាលើកដំបូងបំផុត គិតចាប់តាំងពីលោកបានឈ្នះឆ្នោត និងឡើងកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីបន្តនាអាណត្តិថ្មី ដែលជាអាណត្តិទី៤របស់លោក៕