(ចិន)៖ ម៉ាកាវមានឈ្មោះជាផ្លូវការថា «តំបន់រដ្ឋបាលពិសេសម៉ាកាវ» នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាដែនស្វយ័តមួយ ស្ថិតនៅភាគខាងលិចជាប់មាត់ទន្លេ Pearl ក្នុងតំបន់អាស៊ីបូព៌ា។ ទីក្រុងម៉ាកាវមានព្រំប្រទល់ខាងជើងជាប់ទីក្រុង ហ្ស៊ូហៃចិនដីគោក ចំណែកភាគខាងកើត និងភាគខាងត្បូងជាប់ដីសណ្តទន្លេ Pearl ជាដែនដីដែលមានដង់ស៊ីតេខ្ពស់បំផុតនៅលើពិភពលោក។
ថ្វីត្បិតជាផ្នែកមួយនៃដែនដីរបស់ចិន ប៉ុន្តែតំបន់ម៉ាកាវ អាចរីករាយជាមួយនឹងសិទ្ធិប្រកបដោយស្វ័យភាពខ្ពស់ នៅក្នុងគ្រប់វិស័យទាំងអស់ដោយខ្លួនឯង លើកលែងតែកិច្ចការការពារជាតិ និងទំនាក់ទំនងកិច្ចបរទេស ដែលត្រូវស្ថិតក្រោមរដ្ឋាភិបាលចិនដីគោក។ សូមសិក្សាពីស្ថានភាពទូទៅ និងប្រវត្តិសាស្ត្រតំបន់ម៉ាកាវ ដើម្បីស្វែងយល់មូលហេតុខាងលើ៖
* ឈ្មោះជាផ្លូវការ៖ តំបន់រដ្ឋបាលពិសេសម៉ាកាវ
* ភាសាផ្លូវការ៖ ចិន និងព័រទុយហ្គាល់
* អម្បូរជនជាតិ៖ ចិន (៩៥ភាគរយ) ម៉ាកាវ (២ភាគរយ) និងជនជាតិដទៃទៀត (៣ភាគរយ)
* ផ្ទៃដី៖ ១១៥.៣គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៦៥០ ៩០០នាក់ (ឆ្នាំ២០១៦)
* ដង់ស៊ីតេ៖ ២១,៤១១នាក់ក្នុងមួយគីឡូម៉ែត្រ
* GDPសរុប៖ ៦៥ពាន់លានដុល្លារ
* រូបិយប័ណ្ណ៖ ប៉ាតាកា (Macanese pataca)
នៅពេលលើកឡើងដល់ប្រវត្តិដើមកំណើត នៃតំបន់ម៉ាកាវយើងត្រូវវិលទៅរំលឹកដល់សម័យរាជវង្សឈិន (Qin) ដែលកាន់អំណាចកាលពី ២២១ ដល់ ២០៦ មុនគ.ស. ដោយពេលនោះតំបន់នេះ ស្ថិតក្រោមយុត្តាធិការនៃខេត្ត Nanhai (ខេត្តក្វាងទុង បច្ចុប្បន្ន)។ កំណត់ហេតុបានបញ្ជាក់ថា ជនជាតិចិនបានមករស់នៅលើទឹកដីនេះជាលើកដំបូង ក្នុងសម័យកាលរាជវង្សសុងខាងត្បូង (Southern Song) ដោយសារគេចពីការឈ្លានពានរបស់ពួកម៉ុងហ្គោល។
ពីមុនតំបន់ម៉ាកាវ មិនទាន់អភិវឌ្ឍន៍ខ្លួនក្លាយជាតំបន់ពេញនិយម សម្រាប់ការរស់នៅឡើយ រហូតទាន់តែការមកដល់ នៃជនជាតិព័រទុយហ្គាល់ក្នុងសតវត្សរ៍ទី១៦។ ក្នុងឆ្នាំ១៥១៣ លោក Jorge Alvares បានក្លាយជាជនជាតិព័រទុយហ្គាល់ទីមួយ ដែលបានសំចតលើដែនដីនៃប្រទេសចិន។ ឈានដល់ឆ្នាំ១៥៣៥ អ្នកជំនួញជនជាតិព័រទុយហ្គាល ទទួលបានសិទ្ធិក្នុងការក្នុងចុះចតនៅក្នុងកំពង់ផែម៉ាកាវ និងធ្វើសកម្មភាពជំនួញនៅទីនោះ យ៉ាងនេះក្តីពួកគេមិនទាន់សិទ្ធិ ក្នុងការរស់នៅលើមាត់សមុទ្រនេះឡើយ។
នៅរវាងឆ្នាំ១៥៥២ ដល់ឆ្នាំ១៥៥៣ ពួកគេទទួលបានការអនុញ្ញាតជាបណ្ដោះអាសន្នក្នុងការតម្លើងឃ្លាំងនៅលើឆ្នេរសមុទ្រ ដើម្បីសម្ងួតទំនិញដែលទទឹកដោយសារទឹកសមុទ្រ។ មិនយូរប៉ុន្មាន ពួកគេបានសាងសង់លំនៅឋានធ្វើពីថ្មកំបោរនៅជុំវិញសមុទ្រ ដែលបច្ចុប្បន្នមានឈ្មោះថា ណាំវ៉ាន (Nam Van)។ នៅឆ្នាំ១៥៥៧ ពួកព័រទុយហ្គាល់បានបង្កើតទីលំនៅអចិន្រ្តៃយ៍នៅម៉ាកាវ តែត្រូវបង់ប្រាក់ប្រចាំឆ្នាំចំនួន ៥០០ taels (ពេលនោះស្មើនឹង ប្រាក់ទម្ងន់ ១៨,៩គីឡូក្រាម)។ ជនជាតិព័រទុយហ្គាល់បានបន្តបង់ថ្លៃប្រចាំឆ្នាំ ដើម្បីបន្តស្នាក់នៅក្នុងតំបន់ម៉ាកាវ រហូតដល់ឆ្នាំ១៨៦៣។ នៅឆ្នាំ ១៥៦៤ ជនជាតិព័រទុយហ្គាល់ បានធ្វើពាណិជ្ជកម្មជាមួយ ឥណ្ឌា ជប៉ុន និងចិន។
គិតត្រឹមសតវត្សទី១៧ តំបន់ម៉ាកាវ មានទាសកររស់នៅប្រហែល ៥,០០០នាក់ ជនជាតិព័រទុយហ្គាល់ ២,០០០នាក់ និងជនជាតិចិន ២០,០០០នាក់។ ខណៈដែលពួកព័រទុយហ្គាល់កាន់តែច្រើន មករស់នៅលើទឹកដីម៉ាកាវ ដើម្បីធ្វើជំនួញ ពួកគេទាមទារគ្រប់គ្រងប្រព័ន្ធរដ្ឋបាលដោយខ្លួនឯង ប៉ុន្តែការទាមទារនេះមិនបានសម្រេចនោះទេ រហូតដល់ទសវត្សរ៍ឆ្នាំ១៨៤០ ទើបបានសម្រេច។
ក្នុងឆ្នាំ១៥៧៦ សម្តេចសង្ឃប៉ាប ហ្គ្រេកូរី (Gregory) ទីប្រាំបី បានបង្កើតតំបន់ភូមិភាគកាតូលិករ៉ូម នៅម៉ាកាវជាលើកដំបូង។ នៅឆ្នាំ១៥៨៣ ជនជាតិព័រទុយហ្គាល់នៅម៉ាកាវ ត្រូវបានអនុញ្ញាតឱ្យបង្កើតសភា ដើម្បីដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងកិច្ចការសង្គម និងសេដ្ឋកិច្ចក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់អាជ្ញាធរចិន ប៉ុន្តែមិនមានការផ្ទេរអធិបតេយ្យភាពនោះទេ។
ម៉ាកាវបានរីកចម្រើន ក្លាយជាកំពង់ផែដ៏សំខាន់មួយ ទន្ទឹមនឹងនេះផងដែរ វាក៏ជាគោលដៅនៃការប៉ុនប៉ងកាន់កាប់ ពីសំណាក់ពួកហូឡង់ផងដែរ ប៉ុន្តែត្រូវបរាជ័យម្តងហើយម្តងទៀត។ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៦២២ ជនជាតិហូឡង់បានវាយប្រហារតំបន់ម៉ាកាវ ក្នុងបំណងចង់ផ្ទេរតំបន់ម៉ាកាវ ទៅក្រោមការគ្រប់គ្រងរបស់ហូឡង់ ប៉ុន្តែត្រូវក្រុមព័រទុយហ្គាល់វាយបំបាក់។ ចាប់ពីពេលនោះមក ពួកហូឡង់ មិនបានព្យាយាមវាយដណ្តើម តំបន់ម៉ាកាវម្ដងទៀតឡើយ។ ភាគច្រើនអ្នកដែលទប់ទល់នឹងពួកហូឡង់ គឺពួកទាសករអាហ្រ្វិក ក្នុងនោះមានតែទាហានព័រទុយហ្គាល់ និងបូជាចារ្យតិចតួចប៉ុណ្ណោះ។
បន្ទាប់ពីសង្គ្រាមអាភៀនលើកទី១ ពួកព័រទុយហ្គាល់ បានកាន់កាប់កោះនតាហ្វីប៉ា និងកូឡូន ក្នុងឆ្នាំ១៨៥១ និងឆ្នាំ១៨៦៤។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៨៨៧ រាជវង្ស ឈីង(Qing) និងព័រទុយហ្គាល់ បានចុះហត្ថលេខាលើសន្ធិសញ្ញា Peking ចិន-ព័រទុយហ្គាល់ ដោយរដ្ឋាភិបាលចិនបានប្រគល់សិទ្ធិគ្រប់គ្រង និងរដ្ឋាបាលនៃដែនដីម៉ាកាវដល់ប្រទេសព័រទុយហ្គាល់ ស្របតាមសេចក្តីថ្លែងការណ៍នៃពិធីសារ លីសបោន (Lisbon)។ ជាការឆ្លើយតប រដ្ឋាភិបាលម៉ាកាវ នឹងសហការជាមួយការជួញដូរអាភៀនរបស់ហុងកុង ក្នុងប្រទេសឥណ្ឌា ហើយប្រទេសចិនរងចាំទទួលបានផលចំណេញពីពន្ធគយ។ ទីបំផុតម៉ាកាវបានក្លាយជាដែនដី ក្រោមការគ្រប់គ្រងរបស់ព័រទុយហ្គាល់ជាផ្លូវការ។
នៅឆ្នាំ១៩២៨ បន្ទាប់ពីរាជវង្សឆេង ត្រូវបានផ្តួលរំលំដោយសារបដិវត្តន៍ Xinhai រដ្ឋាភិបាល គូមីងតាង បានជូនដំណឹងជាផ្លូវការដល់ប្រទេសព័រទុយហ្គាល់ថា នឹងលុបចោលសន្ធិសញ្ញាមិត្តភាព និងពាណិជ្ជកម្មចាស់ ហើយមហាអំណាចទាំងពីរបានចុះហត្ថលេខាសន្ធិសញ្ញា មិត្តភាព និងពាណិជ្ជកម្មចិន-ព័រទុយហ្គាល់ថ្មី ជំនួសឱ្យសន្ធិសញ្ញាដែលត្រូវបានលុបចោល។ វាផ្លាស់ប្តូរតែបទប្បញ្ញត្តិមួយចំនួន ទាក់ទងនឹងគោលការណ៍ពន្ធ និងបញ្ហាទាក់ទងនឹងកិច្ចការពាណិជ្ជកម្មប៉ុណ្ណោះ។ សន្ធិសញ្ញាថ្មី មិនបានផ្លាស់ប្តូរអធិបតេយ្យភាពរបស់ម៉ាកាវឡើយ ហើយរដ្ឋាភិបាលព័រទុយហ្គាល់អាចគ្រប់គ្រងលើម៉ាកាវ ក៏មិនបានផ្លាស់ប្តូរដូចគ្នា។
ក្នុងអំឡុងនៃសង្គ្រាមលោកលើកទី២ បន្ទាប់តំបន់ទីម័រ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ព័រទុយហ្គាល់ ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់ជនជាតិជប៉ុន នៅឆ្នាំ១៩៤២នោះ ប្រទេសជប៉ុន នៅតែគោរពអព្យាក្រឹតរបស់ព័រទុយហ្គាល់ នៅតំបន់ម៉ាកាវ។ តំបន់ម៉ាកាវ នៅតែអាចបន្តរីករាយ ជាមួយនឹងភាពរុងរឿងនៃសេដ្ឋកិច្ច ក្នុងនាមជាកំពង់ផែអព្យាក្រឹតតែមួយគត់ នៅក្នុងភាគខាងត្បូងប្រទេសចិន។ មួយខែក្រោយមក ជប៉ុនបានទាមទារឱ្យមានការបង្កើត «ទីប្រឹក្សា» ជប៉ុននៅទីនោះ ដោយបានគំរាមកំហែងវាយដណ្តើមដោយប្រើប្រាស់កម្លាំងយោធា ប្រសិនបើមិនគោរពតាមការបញ្ជា។ ជាលទ្ធផល គឺអាណាព្យាបាលជប៉ុននិម្មិតឡើង ត្រូវបានបង្កើតនៅតំបន់ម៉ាកាវ។
បន្ទាប់ពីរកឃើញថា «តំបន់ម៉ាកាវអព្យាក្រឹត» គ្រោងនឹងលក់ឥន្ធនៈឱ្យទៅប្រទេសជប៉ុននោះ យន្ដហោះសហរដ្ឋអាមេរិកបានវាយប្រហារ និងបំផ្លាញឃ្លាំងផ្ទុកប្រេងរបស់ម៉ាកាវថែមទៀតផង។ អាមេរិកបានធ្វើការបាញ់ប្រហារតំបន់ ម៉ាកាវ តាមផ្លូវការអាកាសនាថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៤៥ ។ បន្ទាប់ពីការតវ៉ាពីសំណាក់រដ្ឋាភិបាលព័រទុយហ្គាល់ នៅឆ្នាំ១៩៥០ សហរដ្ឋអាមេរិកបានបង់ប្រាក់ចំនួន ២០,២៥៥,៩៥២ដុល្លារអាមេរិក (ជាង ២០លានដុល្លារ) ទៅឱ្យរដ្ឋាភិបាលព័រទុយហ្គាល់ជាសំណង។
បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសចាត់ទុកថា សន្ធិសញ្ញាចិន-ព័រទុយហ្គាល់ជា «សន្ធិសញ្ញាមិនស្មើភាពគ្នា» ដោយសារវាបានដាក់ដែនដីចិន ឲ្យជនបរទេសគ្រប់គ្រង។ ទោះជាយ៉ាងក្តីដោយរដ្ឋាភិបាលទីក្រុងប៉េកាំង មិនបានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយសន្ធិសញ្ញានេះទើបព្យាយាមរក្សាសុវត្ថិភាពតំបន់ ដោយរង់ចាំរហូតដល់មានពេលវេលាសមរម្យ។ ឥទ្ធិពលនៃបដិវត្តន៍វប្បធម៌នៅចិនដីគោក និងដោយមិនពេញចិត្តជាមួយរដ្ឋាភិបាលព័រទុយហ្គាល់ បណ្តាលឱ្យកុប្បកម្មផ្ទុះឡើងនៅម៉ាកាវនៅឆ្នាំ១៩៦៦។
នៅក្នុងហេតុការណ៍នោះ មានឧប្បត្តិហេតុកើតឡើង បណ្តាលឱ្យមានមនុស្ស ០៦នាក់ស្លាប់ និងជាង ២០០នាក់បានរងរបួស។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៦៧ រដ្ឋាភិបាលព័រទុយហ្គាល់ បានធ្វើការសុំទោសជាផ្លូវការ ដោយទទួលយកកំហុស។ មិនយូរប៉ុន្មានក្រោយពីបដិវត្តន៍ Carnation ឆ្នាំ១៩៧៤ របស់ព័រទុយហ្គាល់បានផ្តួលរំលំ របបផ្តាច់ការអេស្តាដូណូវូ (Estado Novo) រដ្ឋាភិបាលថ្មីបានសន្យាថា នឹងលះបង់ដែនដីកម្មសិទ្ធិនៅបរទេសទាំងអស់។ នៅឆ្នាំ១៩៧៦ សន្ធិសញ្ញាលីសបោនបានកំណត់ថា «តំបន់ម៉ាកាវជាដែនដីចិន»។
បីឆ្នាំក្រោយមកព័រទុយហ្គាល់ និងចិនបានយល់ព្រមចាត់ទុកម៉ាកាវថា ជា «ដែនដីចិន ក្រោមរដ្ឋបាលព័រទុយហ្គាល់បណ្តោះអាសន្ន»។ រដ្ឋាភិបាលចិន និងព័រទុយហ្គាល់ បានចាប់ផ្តើមការចរចាជាថ្មីនៅខែមិថុនា ឆ្នាំ១៩៨៦។ ភាគីទាំងពីរបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមចិន-ព័រទុយហ្គាល់ ដោយដាក់ម៉ាកាវជាតំបន់រដ្ឋបាលពិសេស នៃប្រទេសចិន។
រដ្ឋាភិបាលចិនបានទទួលយកនូវអធិបតេយ្យភាពលើតំបន់ម៉ាកាវ ជាផ្លូវការនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៩ ជាតំបន់រដ្ឋបាលពិសេស ដែលហៅកាត់ថា SAR បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រង នៃអាណានិគមព័រទុយហ្គាល់ជាង ៤០០ឆ្នាំ។ ព្រឹត្តិការណ៍នេះ ត្រូវបានកត់សម្គាល់ថា ជាការបញ្ចប់នៃចក្រភពព័រទុយហ្គាល់ និងអាណានិគមនិយមអឺរ៉ុបនៅអាស៊ីផងដែរ។ សេដ្ឋកិច្ចតំបន់នេះ ចាប់តាំងពីពេលនោះមកបានបន្តរីកចម្រើន ដោយពឹងផ្អែកលើកំណើនទេសចរណ៍ពីចិនដីគោក និងការកសាងកាស៊ីណូថ្មីៗ ដែលរីកលូតលាស់គួរឱ្យកត់សម្គាល់។
សេចក្តីថ្លែងការណ៍រួមចិន-ព័រទុយហ្កាល់ និងច្បាប់មូលដ្ឋានដែលជារដ្ឋធម្មនុញ្ញរបស់ម៉ាកាវ ដែលប្រកាសដាក់ឱ្យអនុវត្តន៍ ដោយសភាជាតិប្រជាជនចិនក្នុងឆ្នាំ១៩៩៣ បានបញ្ជាក់ថា សង្គម និងប្រព័ន្ធសេដ្ឋកិច្ច របៀបរស់នៅ សិទ្ធិ និងសេរីភាពរបស់តំបន់ម៉ាកាវ នៅតែរក្សាដូចដើម (តាមបែបព័រទុយហ្គាល់) មិនត្រូវផ្លាស់ប្តូរ ដោយរង់ចាំរយៈពេលយ៉ាងហោចណាស់ ៥០ឆ្នាំ បន្ទាប់ពីការផ្ទេរអធិបតេយ្យភាពពីព័រទុយហ្គាល់ ទៅប្រទេសចិនក្នុងឆ្នាំ១៩៩៩។
ក្រោមគោលការណ៍នៃ «ប្រទេសតែមួយ ប្រព័ន្ធពីរ» បច្ចុប្បន្នតំបន់ ម៉ាកាវ នៅតែអាចរីករាយជាមួយនឹងសិទ្ធិប្រកបដោយស្វ័យភាពខ្ពស់ នៅក្នុងគ្រប់វិស័យទាំងអស់ លើកលែងតែកិច្ចការការពារជាតិ និងកិច្ចការបរទេសប៉ុណ្ណោះ។ ម៉ាកាវបន្តប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួន គឺលុយ (ប៉ាតាកា) Macanese pataca ដើម្បីគ្រប់គ្រងលើពន្ធគយ ត្រួតពិនិត្យសកម្មភាពអន្តោប្រវេសន៍ តាមព្រំដែនដូចមុន។ សរុបសេចក្តីទៅ វត្តមានរបស់ព័រទុយហ្គាល់ជា ៤០០ឆ្នាំនេះហើយ ទើបជាកត្តាបណ្តាលឲ្យ ស្ថានភាពនៅតំបន់ម៉ាកាវ ត្រូវបានផ្លាស់ប្តូរដូចមកទល់នឹងបច្ចុប្បន្ន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ Wikipedia