(ស៊ីរី)៖ តាមរយៈការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត អស់រយៈពេលជាច្រើនខែ នៅទីបំផុតក្រុមភេរវករ ISIS នៅថ្ងៃសុក្រសប្ដាហ៍នេះ បានវាយដណ្ដើមយកផ្នែកមួយ នៃទីក្រុង អាល់ប៊ួកាម៉ាល់ (Al-Boukamal) ពីកងកម្លាំងរដ្ឋាភិបាលស៊ីរីត្រឡប់មកវិញ ហើយដែលនេះកំពុងក្លាយជាការព្រួយបារម្ភថ្មីមួយ ខា្លចក្រែងក្រុមអង្គការភេរវកកម្មមួយនេះ បង្កើតឥទ្ធិពលជាថ្មីនៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង ឡឺម៉ុង (Le Monde) នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ក្រុម ISIS បានបាត់បង់ទីក្រុង Al-Boukamal កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ ក្រោមស្នាដៃកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ និងកងកម្លាំងប្រជាធិបតេយ្យឃើដស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក។ ប៉ុន្តែ នៅអំឡុងពេលបើកវាយប្រហារជាថ្មីលើទីក្រុងមួយនេះ ក្រុម ISIS បានអះអាងថា ពួកគេមានកងកម្លាំងដែលអាចតស៊ូប្រយុទ្ធ ដណ្ដើមយកទឹកដីដែលខ្លួនធ្លាប់គ្រប់ គ្រងមកវិញ។
មិនតែប៉ុណ្ណោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក៏បានឱ្យដឹងដែរថា កងកម្លាំងស្ម័គ្រស្មោះនឹងរបបដឹកនាំស៊ីរី ២០៩នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការវាយលុករបស់ក្រុម ISIS គិតចាប់តាំងពីខែឧសភាមក។
គួរបញ្ជាក់ថា Al-Boukamal គឺជាទីក្រុងមួយស្ថិតនៅក្នុងខេត្ត ឌែរអេសហ្ស័រ (Deir ez-Zor) ជាប់ព្រំដែនជាមួយអ៊ីរ៉ាក់ ដែលបានប្រកាសពីជ័យជម្នះលើក្រុម ISIS កាលពីចុងឆ្នាំ២០១៧។ គិតមកទល់បច្ចុប្បន្ន ក្រុម ISIS កំពុងគ្រប់គ្រងតំបន់មួយចំនួន ដែលលាតសន្ធឹងពីទីក្រុងដាម៉ាស់ រហូតដល់ទីក្រុង Al-Boukamal យ៉ាងហោចណាស់ ៣ភាគរយនៃទឹកដីស៊ីរី ក្រោយធ្លាប់បានគ្រប់គ្រងជិត ៥០ភាគរយ កាលពីចុងឆ្នាំ២០១៦៕