(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឱ្យមានការចូលរួមទាំងអស់គ្នាក្នុងការ លុបបំបាត់ការបំពុលដោយប្លាស្ទិកនៅមហាសមុទ្រដោយព្រមានថា ការបំពុលដោយប្លាស្ទិកអាចនឹងបំផ្លាញត្រីទាំងអស់នៅក្នុងមហា សមុទ្រក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនាឱកាសទិវាមហាសមុទ្រពិភពលោក នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Guterres បានលើកឡើងយ៉ាងដូច្នេះថា «ការបំពុលដោយប្លាស្ទិក បាននិងកំពុងបំផ្លាញទឹកសមុទ្រ សហគមន៍ដែលអាស្រ័យលើការនេសាទ និងទេសចរណ៍ ព្រមទាំងសម្លាប់ជីវិតសត្វនៅក្នុងសមុទ្រ... ដូច្នេះវាចាំបាច់ណាស់ ត្រូវការមានការចូលរួមពីយើងទាំងអស់គ្នា ដើម្បីបញ្ឈប់មហន្តរាយនេះ ក៏ដូចជាកាត់បន្ថយការបំពុលសមុទ្រ... ព្រោះការចូលរួមចំណែកម្នាក់បន្តិច នឹងប្រមូលទៅជាការចូលរួមដ៏ធំ»។
បើសម្តីរបស់លោក ហ្គូទែរែស មហាសមុទ្រនានាបានធ្វើឲ្យផែនដីមានពណ៌ខៀវ និងអស្ចារ្យគ្មានកន្លែងណាអាចរកបានទៀតនោះឡើយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។ មហាសមុទ្រនានា បានបម្រើដល់ការផ្លាស់ប្តូររដូវយ៉ាងទៀងទាត់ នៅលើភពផែនដី ហើយនិរន្តរភាពរបស់មហាសមុទ្រ ក៏ជានិរន្តរភាពនៃបរិស្ថានជារួម នៅលើភពផែនដីផងដែរ។
និយាយរួមបើការបំពុលទឹកកាន់តែអាក្រក់ខ្លាំងឡើងៗ នោះមិនមែនតែត្រីនោះទេដែលងាប់អស់ សូម្បីតែជីវិតមនុស្សនានា ក៏នឹងរស់នៅមិនបានសុខនោះដែរ ព្រោះមនុស្សត្រូវការបរិស្ថានល្អ មានដូចជារដូវទៀតទាត់, កម្រិតអុកស៊ីសែនគ្រប់គ្រាន់ និងអាហារសម្រាប់បរិភោគជាដើម ដោយក្នុងនោះអាហារសមុទ្រពិតជាសំខាន់សម្រាប់ទ្រទ្រង់រាង្គកាយរបស់មនុស្សយើង។
គួរបញ្ជាក់ថា បើតាមលោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ៨០ភាគរយ នៃការបំពុលនៅក្នុងសមុទ្រ គឺមកពីដីគោក ក្នុងនោះរួមមានសំណល់បា្លស្ទិក ជាមធ្យម ០៨លានតោន ត្រូវបានមនុស្សបោះចោលក្នុងសមុទ្រជារៀងរាល់ឆ្នាំ ហើយវានឹងបន្តកើនឡើងច្រើនបន្ថែមទៀត នៅពេលដែលចំនួនមនុស្សកើនឡើង និងគ្មានការគិតគូរគ្រប់គ្រាន់ដល់បរិស្ថាន៕