(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកកំពុងប្រើជីវិតរបស់លោកទាំងមូល សម្រាប់កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្ត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមសេតវិមាន លោក ត្រាំ និងលោក គីម នឹងត្រូវជួបមុខគ្នានៅសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) របស់សិង្ហបុរី នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា។ មួយវិញទៀត នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាពីមធ្យោបាយលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាថ្នូរនឹងការទទួលបានសម្បទានសេដ្ឋកិច្ច និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។
«ខ្ញុំបាននិយាយថា ខ្ញុំបានដាក់ជីវិតទាំងមូលរបស់ខ្ញុំ។ ខ្ញុំតែងតែជឿជាក់លើការរៀបចំ ប៉ុន្តែខ្ញុំកំពុងប្រើជីវិតទាំងមូលរបស់ខ្ញុំ ដើម្បីរៀបចំជំនួបកំពូលជាមួយកូរ៉េខាងជើង (លោក គីម ជុងអ៊ុន)»។ នេះគឺជាការលើកឡើងរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) មុននឹងធ្វើដំណើរចាកចេញទៅកាន់ប្រទេសកាណាដា ដើម្បីចូលរួមកិច្ចប្រជុំ G7។
គួររំលឹកថា លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងអង្គុយហូបប៊ឺហ្គឺជាមួយលោក គីម ជុងអ៊ុន នៅពេលវេលាសាកសមណាមួយ។ ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ មេដឹកនាំទាំងពីរក៏បានផ្ទុះសង្រ្គាមពាក្យសម្ដីនឹងគ្នាផងដែរ ដោយលោក ត្រាំ ហៅលោក គីម ថាជាបុរសគ្រាប់រ៉ុក្កែត រីឯលោក គីម ហៅលោក ត្រាំ វិញថាជាមនុស្សចាស់ល្ងីល្ងឺ។ ដូច្នេះអ្វីៗមានតែងរង់ចំាមើលលទ្ធផល ក្រោយជំនួបកំពូលកូរ៉េខាងជើង-អាមេរិក៕