(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានឆាងគី (Changi) ប្រទេសសិង្ហបុរីនៅថ្ងៃអាទិត្យ ពីរថ្ងៃមុននឹងជំនួបជាមួយប្រវត្តិសាស្ត្រជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
យ៉ុនហាប់ ផ្អែកលើសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលទទួលបានពីប្រភពមិនបញ្ជាក់អត្តសញ្ញាណមួយ បានរាយការណ៍ថា មេដឹកនាំទាំងពី ក៏ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាពីមធ្យោបាយលុបបំបាត់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ជាថ្នូរ នឹងការទទួលបានសម្បទានសេដ្ឋកិច្ច និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក។
ដោយឡែកបើតាមប្រភពពីសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរចេញពីប្រទេសកាណាដាផ្ទាល់តែម្តង ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ក្រោយ។
«លោក ដូណាល់ ត្រាំ នឹងចាកចេញពីកិច្ចប្រជុំប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៧ ហៅកាត់ថា G7 នៅកាណាដា នៅមុនរសៀលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) ដើម្បីធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារសប្តាហ៍ក្រោយ»។ នេះអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders)។
គួរជម្រាបថា លោក ត្រាំ និងលោក គីម នឹងត្រូវជួបមុខគ្នានៅសណ្ឋាគារ ខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) របស់សិង្ហបុរី នាវេលាម៉ោង ០៩៖០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ហើយក៏ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយ ដែលអន្តរជាតិកំពុងតែអង្គុយរង់ចាំទស្សនា៕