(កាណាដា)៖ រដ្ឋាភិបាលកាណាដាបានសម្ដែងការជំទាស់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ឱ្យរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំ G7 បួនឆ្នាំបន្ទាប់ពីទីក្រុងម៉ូស្គូ ត្រូវបានគេបណ្ដេញចេញពីប្លុកសេដ្ឋកិច្ចមួយនេះ (អតីតក្រុមប្រទេស G8) ដោយសារតែវិបត្តិនៅ តំបន់គ្រីមៀជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) គឺលោក អាដាំ អូស្ទិន (Adam Austen) បានលើកឡើងយ៉ាងខ្លីដូច្នេះថា «គោលជំហររបស់យើងចំពោះរុស្ស៊ី គឺមិនផ្លាស់ប្ដូរឡើយ»។ បន្ថែមពីលើនេះ អតីតនាយករដ្ឋមន្ត្រីកាណាដា លោក ស្ទេហ្វិន ហាភើ (Stephen Harper) ក៏បានបញ្ចេញយោបល់ដែរថា រុស្ស៊ីមិនគួរត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំ G7 នោះទេ ដារាបណាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅតែបន្តកាន់អំណាច។
គួរបញ្ជាក់ថា ថ្លែងមុនពេលជិះយន្ដហោះទៅចូលកិច្ចប្រជុំ G7 លើកទី ៤៤ ដែលប្រព្រឹត្តពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនានេះ នៅឯតំបន់ឡាម៉ាល់ប៊េរ (La Malbaie) នៃទីក្រុង កេប៊ិច (Quebec) ប្រទេសកាណាដា លោក ដូណាល់ ត្រាំ បាននិយាយថារុស្ស៊ីគួរតែ ចូលរួមអង្គុយចរចានៅក្នុងកិច្ចប្រជុំ G7 បើទោះជាមេដឹកនាំពិភពលោក ដទៃទៀត ពេញចិត្ត ឬមិនចិត្តក៏ដោយ។
ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការលើកឡើងរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា ទំនងជាការបញ្ចេញប្រតិកម្មវាយបកលើប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលអះអាងថា បើសិនជាលោកប្រធានាធិបតីអាមេរិកមិនខ្វល់ពីភាពឯកោទេ នោះ ប្រទេស G7 អាចក្លាយជាប្រទេស G6 ដោយគ្មានសហរដ្ឋអាមេរិក ក៏គ្មានបញ្ហាអ្វីដែរ ខណៈទីក្រុងវ៉ាស៊ីនតោន និងសហភាពអឺរ៉ុប កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ដោយសារតែការតម្លើងពន្ធលើដែបថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ៕