(សិង្ហបុរី)៖ បុរសជនជាតិអូស្រ្ដាលីម្នាក់ ដែលប្រឹងតែងខ្លួនឲ្យដូច លោក គីម ជុងអ៊ុន ឬគេស្គាល់ថា គីម ជុងអ៊ុន Faked (ក្លែងក្លាយ) បានអះអាងថា រូបលោកត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនកាលពីថ្ងៃសុក្រ និងសាកសួរពីគោលបំណងពិតប្រាកដ ដែលលោកតែងខ្លួនជាមេដឹកនាំកូរ៉េខាងជើង រួចធ្វើដំណើរមកកាន់សិង្ហបុរី មុននឹង អនុញ្ញាតឱ្យលោកចូលក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
ការចាប់ខ្លួននេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងសិង្ហបុរីត្រូវទទួលរៀបចំជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនាសប្ដាហ៍ក្រោយនេះ។ បុរសមានរហស្សនាមថា ហាវ៉ាដ អ៊ីច (Howard X) ខាងលើនេះ បានបដិសេធមិនប្រាប់ឈ្មោះពិតនោះបានប្រាប់ Reuters ទៀតថា លោកត្រូវបានចាប់ខ្លួនរយៈពេល ០២ម៉ោង និងសាកសួរអស់ ៣០នាទី នៅពេលដែលលោកធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិ ឆាងគី (Changi) ប្រទេសសិង្ហបុរី កាលពីព្រលឹមថ្ងៃសុក្រ។
«ពួកគេបានសួរខ្ញុំពីគោលបំណងរបស់ខ្ញុំថា តើខ្ញុំមានជាប់ពាក់ព័ន្ធនឹងការចូលរួម បាតុកម្មតវ៉ានៅតាមបណ្ដាប្រទេសដទៃដែរ ឬទេ»។ នេះបើតាមសម្តី Howard X។ Howard X មានភាពល្បីល្បាញខ្លាំង នៅតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ក៏ព្រោះតែលោក និងបុគ្គលម្នាក់ទៀត មានលក្ខណៈស្រដៀងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតែបង្ហាញខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ដូចៗគ្នា។
គួរបញ្ជាក់ថា បើតាម Howard X អាជ្ញាធរសិង្ហបុរីបានប្រាប់ឱ្យលោកនៅឱ្យឆ្ងាយពីកោះ Sentosa និងសណ្ឋាគារ សាងគ្រីឡា (Shangri-La) ដែលកន្លែងទាំងពីរនេះនឹងក្លាយជាទីតាំងរៀបចំជំនួបកំពូលរវាងលោក ត្រាំ និងលោកគីម៕
គីម ជុងអ៊ុន ក្លែងក្លាយត្រូវបានឃាត់ខ្លួននៅសិង្ហបុរី មុនពេលលោក គីម ជុងអ៊ុន មែនទែនមកដល់!