FBI ទម្លាយ៖ ក្រុម Hackers ប្រទេសចិន «កំពុងព្យាយាមលួចយកបច្ចេកវិទ្យាមីស៊ីលថ្មីពីអាមេរិក ដែលទុកបំពាក់លើនាវាមុជទឹក...» (Video inside)
09-06-2018 09:37
(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI កំពុងបើកការស៊ើបអង្កេតជុំវិញរបាយការណ៍មួយដែលថារដ្ឋាភិបាល ចិនបានវាយប្រហារព័ត៌មានវិទ្យា ឬ Hack លើក្រុមហ៊ុនម៉ៅការផលិតអាវុធសម្រាប់យោធាអាមេរិក ដោយលួចបានទិន្នន័យសន្តិសុខសំខាន់ៗមួយចំនួន។ នេះបើតាម Washington Post ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាមកាសែតអាមេរិក Washington Post ក្រុម Hackers ចិនបានចូលលួចទិន្នន័យសន្តិសុខសំខាន់ៗមួយចំនួនក្នុងនោះ រួមមានទាំងគំរោងផលិតមីស៊ីលស៊ូបភើសូនិច (supersonic missile) ហើយការវាយប្រហារព័ត៌មានវិទ្យានេះ កើតមានឡើងនៅចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ២០១៨នេះ។
បន្ថែមពីលើនេះ ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ Washington Post មន្ត្រីអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុនម៉ៅការផលិតអាវុធដែលត្រូវគេ Hack នោះគឺកំពុងទទួលខុសត្រូវលើការស្រាវជ្រាវ និងអភិវឌ្ឍន៍នាវាមុជទឹក ក៏ដូចជាអាវុធនៅក្រោមទឹកឱ្យកងនាវាអាមេរិក ជាពិសេសគឺគំរោង Sea Dragon ដែលមានគោលដៅផលិតមីស៊ីលស៊ូបភើសូនិច (supersonic missile) សម្រាប់បំពាក់លើនាវាមុជទឹកនៅត្រឹមឆ្នាំ២០២០។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ក្រុមហ៊ុនខាងលើកំពុងធ្វើការងារជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវសង្រ្គាមក្រោមផ្ទៃទឹក (Naval Undersea Warfare Center) ជាអង្គភាពយោធាមួយមានមូលដ្ឋាន នៅក្នុងទីក្រុងញូផត (Newport) នៃកោះ រ៉ូដ (Rhode)។ ក៏ប៉ុន្តែរដ្ឋាភិបាលចិនមិនទាន់មានប្រតិកម្មអ្វី ទៅនឹងសេចក្ដីរាយការណ៍របស់វ៉ាស៊ីនតោនផុស (Washington Post) នៅឡើយទេ៕