(ម៉ូស្គូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីគួរតែចូលរួមអង្គុយចរចានៅក្នុងកិច្ចប្រជុំ G7 បើទោះជាមេដឹកនាំពិភពលោកដទៃទៀតពេញចិត្ត ឬមិនចិត្តក៏ដោយ ដែលជាប្រតិកម្មមួយតបទៅកាន់សេចក្តីថ្លែងការណ៍ពីប្រធានាធិបតី លោក អ៊ែមម៉ានុយអែល ម៉ាក្រុង ដែលបានអះអាងថា G7 អាចក្លាយជា G6 វិញព្រោះអាមេរិកចង់នៅឯកោ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RussianToday នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះខណៈលោកកំពុងរៀបចំចាកចេញដំណើរទៅកាន់ប្រទេសកាណាដា ដើម្បីចូលរួម ក្នុងកិច្ចប្រជុំ G7។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «...រុស្ស៊ីគួរតែចូលរួមក្នុងកិច្ចប្រជុំ G7 ហើយ តើហេតុអ្វីបានជាយើងចូលរួមប្រជុំដោយគ្មានរុស្ស៊ី... ដូច្នេះទោះបីជាអ្នកពេញចិត្ត ឬមិនពេញចិត្ត រុស្ស៊ីគួរតែចូលរួមអង្គុយចរចានៅក្នុងកិច្ចប្រជុំ G7 ព្រោះថា ការដករុស្ស៊ីចេញមិនមែនជានយោបាយត្រឹមត្រូវ»។
គួរបញ្ជាក់ថា កិច្ចប្រជុំ G7 លើកទី ៤៤ នឹងត្រូវប្រព្រឹត្តពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនានេះ នៅឯតំបន់ឡាម៉ាល់ប៊េរ (La Malbaie) នៃទីក្រុង កេប៊ិច (Quebec) ប្រទេសកាណាដា។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ការលើកឡើងរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា ទំនងជាការបញ្ចេញប្រតិកម្មវាយបកលើប្រធានាធិបតីបារាំង លោក ម៉ាក្រុង ដែលអះអាងថា បើសិនជាលោកប្រធានាធិបតីអាមេរិកមិនខ្វល់ពីភាពឯកោទេ នោះ ប្រទេស G7 អាចក្លាយជាប្រទេស G6 ដោយគ្មានសហរដ្ឋអាមេរិកក៏គ្មានបញ្ហាអ្វីដែរ៕