(វ៉ាស៊ីនតោន)៖ ជំនួបកំពូលរវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅឯសណ្ឋាគារខាភែលឡា (Capella Hotel) ស្ថិតនៅលើកោះសេនតូសា (Sentosa) នៅម៉ោង ៩៖០០នាទីព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា នាសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់ពីសេតវិមានអាមេរិក។
មុននឹងជំនួបនេះ លោក ត្រាំ ធ្លាប់បានអះអាងថា លោកនឹងផ្ដល់រង្វាន់ដ៏អស្ចារ្យដល់កូរ៉េខាងជើង ក្នុងនោះរួមមានទាំងការជួយឱ្យសេដ្ឋកិច្ចកូរ៉េខាងជើង ស្គាល់ភាពរុងរឿងដូចជាកូរ៉េខាងត្បូងផងដែរ បើសិនជាទីក្រុងព្យុងយ៉ាង យល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែតើកូរ៉េខាងជើងចង់បានអ្វីពិតប្រាកដ ពីសហរដ្ឋអាមេរិកនៅក្នុងជំនួប ត្រាំ-គីម នោះ?
១៖ ការធានាសន្តិសុខពីសហរដ្ឋអាមេរិក
កាលពីខែឧសភា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក គីម គ្យេក្វាន (Kim Kye Gwan) បាននិយាយថា ទីក្រុងព្យុងយ៉ាងមិនចាប់អារម្មណ៍ ចំពោះការបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដោយគ្មានការផ្លាស់ប្ដូរគោលជំហរយោធា របស់សហរដ្ឋអាមេរិកនោះទេ។ លើសពីនេះទៅទៀត មន្ត្រីជាន់ខ្ពស់រូបនេះបានចោទប្រកាន់សេតវិមាន និងក្រសួងការបរទេសអាមេរិកថា កំពុងព្យាយាមធ្វើឱ្យកូរ៉េខាងជើងវិលទៅរក ស្ថានភាពដូចជាប្រទេសលីប៊ី តាមរយៈការរំសាយចោលអាវុធនុយក្លេអ៊ែរជាមុន បន្ទាប់មកទើបទទួលការតបស្នងតាមក្រោយ។
អតីតមេដឹកនាំលីប៊ី លោក មួអាមម៉ា ហ្គាដាហ្វី (Moammar Gadhafi) បានសម្រេចចិត្តរំសាយការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដក ទណ្ឌកម្មសេដ្ឋកិច្ច និងមានទំនាក់ទំនងប្រក្រតីឡើងវិញជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែចុងក្រោយ របបដឹកនាំ Gadhafi បែរជារលំរលាយដោយសារតែក្រុមឧទ្ទាមបះបោរ ដែលគំាទ្រដោយទីក្រុងវ៉ាស៊ីនតោនទៅវិញ។ ដូច្នេះទើបអ្នកជំនាញខ្លះយល់ថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងមិនបោះចោលអាវុធនុយក្លេអ៊ែរដោយងាយៗនោះទេ បើសិនជាខ្លួនមិនមានអារម្មណ៍ថា ត្រូវបានធានាសន្ដិសុខ និងសុវត្ថិភាព។
២៖ សនិ្តភាព
ការព្រមព្រៀង និងសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើង នាមួយរយៈពេលចុងក្រោយនេះបានបង្ហាញថា លោក គីម ជុងអ៊ុន ចង់បាន ទំនាក់ទំនងជាប្រក្រតីដូចប្រទេសជាច្រើន ជាមួយសហរដ្ឋអាមេរិក។ «ការបញ្ចប់គោលនយោបាយអរិភាពរបស់វ៉ាស៊ីនតោន នៅតែជាវត្ថុបំណង របស់លោក គីម ដូចជាជីតារបស់លោក (លោក គីម អ៊ីលស៊ុង) និងឪពុករបស់លោក (លោក គីម ជុងអ៊ីល) កាលពីជាង ៣០ឆ្នាំមុន មកម្ល៉េះ»។ នេះបើតាម លោក ឡេអន ស៊ីហ្គាល់ (Leon Sigal) អ្នកនិពន្ធសៀវភៅឈ្មោះ Disarming Strangers ដោយលោកបញ្ជាក់ទៀតថា លោក គីម អាចនឹងរំសាយ ឬបោះជំហានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ បើលោក ត្រាំ ប្ដេជ្ញាចិត្តបញ្ចប់ទំនាក់ទំនងអរិភាពជាមួយកូរ៉េខាងជើង។
តែទោះជាយ៉ាងនេះក្ដី បញ្ហាដែលនៅតែមាននោះគឺ សម្រាប់មេដឹកនាំអាមេរិក របបដឹកនាំផ្ដាច់ការកូរ៉េខាងជើង មានភាពសាហាវឃោរឃៅ នៅក្នុងកែវភ្នែកប្រជាជនអាមេរិក និងនៅតែប្រកាន់អកប្បកិរិយាឈ្លានពាន ចំពោះអ្នកជិតខាងដូចជាជប៉ុនជាដើម។
៣៖ ការអភិវឌ្ឍសេដ្ឋកិច្ច
នៅអំឡុងថ្លែងសារចូលឆ្នាំថ្មី លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសក្រីក្ររបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ខ្លួន។ មួយវិញទៀត កិច្ចចរចាជាច្រើនកន្លងមក ក៏ផ្ដោតសំខាន់លើផលចំណេញសេដ្ឋកិច្ចផងដែរ ខណៈលោក ដូណាល់ ត្រាំ ធា្លប់បានលើកឡើងថា លោកមិនចង់និយាយពីការដាក់សម្ពាធអតិបរមាលើកូរ៉េខាងជើងទៀតទេ ហើយថាកូរ៉េខាងត្បូង ជប៉ុន និងចិនអាចនឹងផ្ដល់ជំនួយសេដ្ឋកិច្ច ដល់ទីក្រុងព្យុងយ៉ាង បើសិនជាកិច្ចចរចានៅសិង្ហបុរី ដំណើរការទៅដោយរលូន។
៤៖ កេងចំណេញពេលវេលា
កូរ៉េខាងជើង បានធ្វើកិច្ចចរចាជាច្រើន ខណៈខ្លួននៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ហើយអាចនឹងត្រូវបានគេរំពឹងថា នឹងបន្តធ្វើដូចគ្នានេះដដែល។ នេះបើតាមអ្នកវិភាគ លោក Richard Fisher មកពីមជ្ឈមណ្ឌលវិភាគ និងយុទ្ធសាស្ត្រ។ លោក Fisher បន្តថា ខណៈលោក គីម ធ្វើការចរចាជាមួយលោក ត្រាំ ក្រុមវិស្វករកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពួកគេ (កូរ៉េខាងជើង) បានបាញ់សាកល្បងមីស៊ីល ICBM ចំនួនពីរគ្រាប់ ដែលមានសមត្ថភាពបាញ់ដល់ដីគោកសហរដ្ឋអាមេរិក។ ប៉ុន្តេពួកគេមិនទាន់អាចបង្ហាញថា មីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហោះចូលក្នុងបរិយាកាសនៅឡើយទេ។ ដូច្នេះខ្ញុំជឿជាក់ថា ពួកគេនឹងប្រឹងប្រែងធ្វើការទាំងយប់ទំាងថ្ងៃ ដើម្បីអភិវឌ្ឍន៍ក្បាលគ្រាប់នុយក្លេអ៊ែរ។
៥៖ ធ្វើការងារជាមួយចិន
ការចរចារវាង លោក គីម ជាមួយលោក ត្រាំ និងលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង អាចឱ្យគេមើលឃើញថា គឺជាការគូស វាសរបស់ចិនឱ្យកូរ៉េខាងជើង ឈានជើងចូលឆាកអន្តរជាតិ ដើម្បីសម្រេចគោលដៅរួម នោះគឺកាត់បន្ថយឥទ្ធិពលយោធាអាមេរិក នៅក្នុងតំបន់អាស៊ីភាគឦសាន។ «លោក គីម និងចិន កំពុងស្វែងរកការបញ្ចប់វត្តមាន យោធាអាមេរិកនៅកូរ៉េខាងត្បូង។ ពួកគេចង់ឱ្យ អាមេរិកចេញពីឧបទ្វីបកូរ៉េ ហើយធ្វើឱ្យជប៉ុនកាន់តែឯកោ»។ នេះបើតាមលោក Richard Fisher។
គួរបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ លោក គីម ជុងអ៊ុន កាន់តែធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាពិសេស ក្រោយក្លាយជា មេដឹកនាំកូរ៉េខាងជើងដំបូងគេ ដែលយកជើងជាន់ដីកូរ៉េខាងត្បូង នៅក្នុងជំនួបលោក មូន ជែអ៊ីន កាលពីចុងខែមេសា នៅឯតំបន់ព្រំដែនគ្មានយោធាប៉ែកទឹកដីកូរ៉េខាងត្បូង។
ចំណែកឯ ក្រុមអ្នកជំនាញមួយចំនួនយល់ថា នេះគឺជាការបោះជំហានថ្មីមួយរបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ ចូលឆាកអន្តរជាតិ ដើម្បីរំដោះខ្លួនពីភាពឯកោ។ ជាក់ស្ដែង បើតាមស្ថានីយទូរទស្សន៍កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន ត្រូវបានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អញ្ជើញឱ្យមកចូលរួមក្នុងសន្និសីទមួយក្នុងទីក្រុង Vladivostok នៅខែកញ្ញា ខាងមុខនេះ ស្របពេលមានសេចក្ដីរាយការណ៍ថា លោក បាស្សា អាល់ អាសាដ គ្រោងនឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងព្យុងយ៉ាង៕
ប្រភព៖ USA TODAY