(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ប្រហែលជានឹងចាប់ផ្តើមកិច្ចចរចាផ្លូវការឡើងវិញជាមួយក្រុមឧទ្ទាមឆ្វេងនិយម នៅខែកក្កដាខាងមុខ ក្នុងន័យស្វែងរកសន្តិភាពឲ្យបាន ទោះបីជាកន្លងមក កិច្ចសន្ទនាមិនដែលបានជោគជ័យក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងក្នុងការធ្វើសុន្ទរកថាមួយនៅខេត្ត សេប៊ូ (Cebu) លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថា លោកកំពុងទាក់ទងជាមួយស្ថាបនិកគណបក្សកុម្មុយនិស្តហ្វីលីពីន លោក ចូស ម៉ារៀ ស៊ីសុន (Jose Maria Sison) ដែលសព្វថ្ងៃកំពុងរស់នៅដោយនិរទេសខ្លួននៅទីក្រុងឡាអេ ប្រទេសហូឡង់ ហើយកិច្ចចរចាផ្លូវការអាចត្រូវចាប់ផ្តើមឡើងវិញ នៅពាក់កណ្តាលខែកក្កដា។ យ៉ាងណាមិញ បើតាមសម្តីរបស់លោក Sison វិញ កិច្ចចរចាដែលដូចអំពិលអំពែករវាងរដ្ឋាភិបាលហ្វីលីពីន និងក្រុមរបស់ខ្លួននេះ នឹងបន្តជាថ្មីនៅថ្ងៃទី២៨ ខែមិថុនា ពុំមែនខែកក្កដាឡើយ។
គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨៦មក រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បាននិងកំពុងព្យាយាមឈានឲ្យដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមឧទ្ទាមឆ្វេងនិយម ប៉ុន្តែតែងតែទទួលបានបរាជ័យជាច្រើនលើក នាពេលកន្លងមក៕