(ម៉ូស្គូ)៖ ក្នុងនាមទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2018 ជាលើកទី១នេះ រុស្ស៊ីបានត្រៀម កីឡដ្ឋានចំនួន១២ ដើម្បីធ្វើការប្រកួតដែលស្ថិតនៅតាមទីក្រុងនានាចំនួន១០ ទូទាំងប្រទេសមហាអំណាចមួយ នេះស្ថិតក្នុងទ្វីបអឺរ៉ុប។ កីឡដ្ឋានទាំង១២នេះ នឹងធ្វើការប្រកួតសរុប ៦៤ប្រកួតចាប់តាំងពីវគ្គសន្សំពិន្ទុទាំង ៨ពូលក្នុងរយៈពេល ១ខែពេញ។

ខាងក្រោមនេះ អង្គភាពព័ត៌មាន Fresh News សូមបង្ហាញជូនរូបភាពនៃកីឡដ្ឋានទាំង១២ មានដូចខាងក្រោមតាមរយៈ Dailymail៖

១/. កីឡដ្ឋាន Kazan Arena៖ ស្ថិតក្នុងទីក្រុង Kazan ត្រូវបានកសាងឡើងនៅឆ្នាំ២០១៣ ដែលជាកម្មសិទ្ធិនៃក្លឹបអាជីព Rubin Kazan ដោយអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន ៤៥៣៧៩នាក់។

២/. កីឡដ្ឋាន Ekaterinburg Arena៖ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៥៧ និងជួសជុលឡើងវិញនៅឆ្នាំ២០១៧ ដែលជាទឹកដីនៃក្លឹប FC Ural អាចផ្ទុកអ្នកទស្សនាបានចំនួន ៣៥០០០នាក់។

៣/. កីឡដ្ឋាន Fisht Stadium៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៣ ដោយអាចផ្ទុកអ្នកទស្សនាបានចំនួន ៤៧៦៥៩នាក់។

៤/. កីឡដ្ឋាន Kaliningrad Stadium៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៨ ដែលជាទឹកដីនៃក្លឹប Baltika Kaliningrad ដោយអាចផ្ទុកទស្សនាបានចំនួន ៣៥២១២នាក់។

៥/. កីឡដ្ឋាន Spartak Stadium៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៤ ដែលជាទឹកដីរបស់ក្លឹប Spartak Moscow អាចផ្ទុកអ្នកទស្សនាបានចំនួន ៤៥៣៦០នាក់។

៦/. កីឡដ្ឋាន Luzhniki Stadium៖ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៥៥ និងជួសជុលឡើងវិញនៅឆ្នាំ២០១៣ ជាពហុកីឡដ្ឋានជាតិដ៏ធំបំផុតរបស់រុស្ស៊ីដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៨១០០០នាក់។

៧/. កីឡដ្ឋាន Nizhny Novgorod Stadium៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៨ ជាកម្មសិទ្ធិរបស់ក្លឹប Olimpiyets Nizhny Novgorod អាចផ្ទុកអ្នកទស្សនាបានចំនួន ៤៤៨៩៩នាក់។

៨/. កីឡដ្ឋាន Rostov Arena៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៨ ដែលជាទឹកដីរបស់ក្លឹបអាជីព Rostov អាចផ្ទុក អ្នកទស្សនាបាន ៤៥០០០នាក់។

៩/. កីឡដ្ឋាន Saint Petersburg Stadium៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៧ ជាទឹកដីនៃក្លឹប Zenit St Petersburg អាចផ្ទុកអ្នកទស្សនាបានចំនួន ៦៤២៨៧នាក់។

១០/. កីឡដ្ឋាន Samara Arena៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៨ ដែលជាទឹកដីនៃក្លឹប Kylia Sovetov អាចផ្ទុកអ្នកទស្សនាបានចំនួន ៤៤៩១៨នាក់។

១១/. កីឡដ្ឋាន Mordovia Arena៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៧ ដែលជាទឹកដីរបស់ក្លឹប Mordovia Saransk អាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន ៤៤៤១២នាក់។

១២/. កីឡដ្ឋាន Volgograd Arena៖ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៨ ដែលជាកម្មសិទ្ធិនៃក្លឹប Rotor Volgograd អាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន ៤៥៥៦៨នាក់៕