(អាមេរិក)៖ ថ្នាក់ដឹកនាំតំបន់មួយ នៅក្នុងរដ្ឋហាវ៉ៃលោក ហារី គីម (Harry Kim) បានបញ្ជាក់ថា លំនៅឋានជាង ៦០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញដោយទន្លេនៃកម្អែរភ្លើង ដែលចេញពីភ្នំ Kilauea ចាប់តាំងតែពីវាបានផ្ទុះ កាលពីដើមខែឧសភាកន្លងទៅម្ល៉េះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Kim បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាគួរឲ្យឈឺចាប់ខ្លាំងណាស់ ដោយអ្វីដែលយើងបានបាត់បង់គឺកន្លែងដ៏ស្រស់ស្អាតបំផុតនៅលើផែនដី ហើយលំនៅឋានជាង ៦០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយទន្លេនៃកម្អែរភ្នំភ្លើង នៅលើកោះហាវ៉ៃ»។
បើតាមលោក Kim ក្នុងរយៈពេលត្រឹម ០៣ថ្ងៃ កម្អែរភ្នំភ្លើងបានបំផ្លាញលំនៅឋានជិត ៥០០ខ្នង នៅតំបន់ Pahoa ក្នុងរួមមានទាំងភូមិគ្រឹះមួយកន្លែងរបស់លោកអភិបាលផ្ទាល់។ ជាមួយគ្នានេះ អភិបាលរដ្ឋហាវ៉ៃលោក ដាវីដ អ៊ីជ (David Ige) ក៏បានឲ្យដឹងដែរថា រដ្ឋនឹងបែកចែកថវិកាចំនួន ១២លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហានានា ដែលបង្កឡើងពីកម្អែរភ្នំភ្លើង។
គួរជម្រាបថា ភ្នំភ្លើង Kilauea បាននិងកំពុងបន្តបញ្ចេញសកម្មភាពឥតឈប់ឈរអស់រយៈពេលប្រមាណជា ០៥សប្តាហ៍ហើយ។ វាគឺជាភ្នំភ្លើងដែលក្មេងខ្ចី និងសកម្មជាងគេបំផុតមួយនៅលើលោក៕